ឯកឧត្តម នុត សត្យា បានដឹកនាំគណៈប្រតិភូ ដើម្បីបើកកិច្ចត្រួតពិនិត្យមជ្ឈមណ្ឌលព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន (កងពលតូចថ្មើរជើងលេខ៣១)
នាថ្ងៃពុធ ៨កើត ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹង ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៥
ឯកឧត្តម នុត សត្យា ប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម “គ.ជ.ប.ទ” ដោយអនុវត្តន៍តាមការចាត់តាំងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមប្រធាន “គ.ជ.ប.ទ” បានដឹកនាំគណៈប្រតិភូ ដើម្បីបើកកិច្ចត្រួតពិនិត្យមជ្ឈមណ្ឌលព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន (កងពលតូចថ្មើរជើងលេខ៣១) និងការអនុវត្តច្បាប់លើជនរងគ្រោះ។
ក្រៅពីជួបសំណេះសំណាលពិភាក្សាការងារចែករំលែកបទពិសោធន៍ ជាមួយ លោកឧត្តមសេនីយ៍ត្រី គឹម កុសល ប្រធានមជ្ឈមណ្ឌលព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន (កងពលតូចថ្មើរជើងលេខ៣១) និងមន្រ្តីពាក់ព័ន្ធ គណៈប្រតិភូបានផ្សព្វផ្សាយអំពីតួនាទី ភារកិច្ចរបស់ គ.ជ.ប.ទ និងគោលការណ៍សិទ្ធិមនុស្សមួយចំនួនលើការងារបង្ការ ទប់ស្កាត់ និងប្រឆាំងទារុណកម្ម និងអំពើមិនគប្បីគ្រប់ទម្រង់។
បន្ទាប់មក ឯកឧត្តម និងក្រុមការងារក៏បានអញ្ចើញត្រួតពិនិត្យដោយផ្ទាល់នូវ ហេដ្ឋារចនាសម្ព័ន្ធ សម្ភារៈបរិក្ខារ ស្ថានភាពមន្រ្តី ស្ថានភាពជនរងគ្រោះកំពុងស្នាក់នៅមជ្ឈមណ្ឌល ជួបសម្ភាសន៍ជនរងគ្រោះ និងជួបសម្ភាសន៍មន្រ្តីជំនាញពាក់ព័ន្ធ ដើម្បីស្វែងយល់ពីបញ្ហាប្រឈម និងលទ្ធផលសម្រេចបាននានារបស់មជ្ឈមណ្ឌល។
ឆ្លៀតឱកាសនេះដែរ ឯកឧត្តមប្រធាន លេខាធិការដ្ឋាន បានថ្លែងអំណរគុណចំពោះ ថ្នាក់ដឹកនាំនិងមន្រ្តី មជ្ឈមណ្ឌលដែលបានផ្ដល់កិច្ចសហការល្អជាមួយ គ.ជ.ប.ទ នាពេលនេះ និងកន្លងមក។ ឯកឧត្តម បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្រ្តីមជ្ឈមណ្ឌល។
ឯកឧត្តមប្រធាន លេខាធិការដ្ឋាន បានផ្ដល់អនុសាសន៍ជាបឋមមួយចំនួន ក្នុងន័យធ្វើឱ្យប្រសើរឡើងនូវប្រព្រឹត្តកម្មរបស់អាជ្ញាធរពិសេសកត្តាមួយចំនួនដែលអាចជួយដោះស្រាយបញ្ហាអនាម័យ សុខភាព ធានាការគោរពសិទ្ធិ សេចក្ដីថ្លៃថ្នូរ និងការស្ដារនីតិសម្បទាចូលក្នុងសង្គមវិញប្រកបដោយប្រសិទ្ធផល។























