| |

គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម “គ.ជ.ប.ទ” បានរៀបចំពិធីបើកវគ្គបណ្ដុះបណ្ដាល និងអប់រំផ្សព្វផ្សាយ ស្ដីពី មូលលដ្ឋានគ្រឹះនៃគោលការណ៍សិទ្ធិមនុស្សសម្រាប់មន្រ្តីអនុវត្តច្បាប់ និងតួនាទី ភារកិច្ច របស់ គ.ជ.ប.ទ

ខេត្តតាកែវ ថ្ងៃអង្គារ ១១ កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤

គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម “គ.ជ.ប.ទ” បានរៀបចំពិធីបើកវគ្គបណ្ដុះបណ្ដាល និងអប់រំផ្សព្វផ្សាយ ស្ដីពី មូលលដ្ឋានគ្រឹះនៃគោលការណ៍សិទ្ធិមនុស្សសម្រាប់មន្រ្តីអនុវត្តច្បាប់ និងតួនាទី ភារកិច្ច របស់ គ.ជ.ប.ទ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម នុត សាអាន ប្រធាន គ.ជ.ប.ទ អមដោយ ឯកឧត្តមសមាជិក គ.ជ.ប.ទ ដោយមានការអញ្ជើញចូលរួមដោយ ឯកឧត្តមសមាជិកក្រុមប្រឹក្សាខេត្ត លោក អភិបាលរងខេត្ត លោកចៅក្រម តំណាងប្រធានសាលាដំបូងខេត្ត លោកព្រះរាជអាជ្ញារង តំណាងអយ្យការអមសាលាដំបូងខេត្ត លោកប្រធានពន្ធនាគារខេត្ត លោកនាយក រដ្ឋបាលសាលាខេត្ត លោកស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្ត លោកមេបញ្ជាការងនៃកងរាជអាវុធហត្ថខេត្ត លោក លោកស្រី អនុប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងមានសិក្ខាកាមជាមន្រ្តីរដ្ឋបាលសាលាខេត្ត មន្រ្តីពន្ធនាគារខេត្ត មន្រ្តីនៃមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត មន្រ្តីនគរបាលយុត្តិធម៌នៃស្នងការដ្ឋាននគរបាលខេត្ត និងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត អង្គការមិនមែនរដ្ឋាភិបាលធ្វើការងារការពារសិទ្ធិមនុស្ស និងភាគីពាក់ព័ន្ធ។

ឯកឧត្ដម រ៉ូ ប៊ីនណៃ សមាជិក គ.ជ.ប.ទ បានលើកឡើងថា គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម ជាយន្តការបង្ការថ្នាក់ជាតិមួយដែលមានឯករាជ្យភាពនៅពេលបំពេញមុខងាររបស់ខ្លួន។ ការត្រួតពិនិត្យជាទៀងទាត់ របស់ គ.ជ.ប.ទ ធ្វើឡើងក្នុងគោលដៅពង្រឹងការការពារជនដែលត្រូវបានដកហូតសេរីភាព ឱ្យរួចផុតពីទារុណកម្ម ឬទណ្ឌកម្មឯទៀត ដែលឃោរឃៅ អមនុស្សធម៌ ឬបន្ថោកបន្ទាប។

លោក ស៊ុត ខុន អភិបាលរងខេត្ត បានមានមតិលើកឡើងថា ការសហការរៀបចំវគ្គបណ្តុះបណ្តាល និងអប់រំផ្សព្វផ្សាយ ជូនដល់អ្នកពាក់ព័ន្ធគ្រប់ផ្នែកក្នុងខេត្តតាកែវ នាពេលនេះពិតជាមានសារៈសំខាន់ណាស់ ព្រមទាំងអាចទទួលបាននូវចំណេះដឹងថ្មីៗ ដើម្បីចូលរួមចំណែកធ្វើឱ្យការងារបង្ការ ទប់ស្កាត់ និងប្រឆាំងទារុណកម្មកាន់តែទទួលបានជោគជ័យឡើងថែមទៀត។

អ្នកស្រី រ៉ូអាន់ណា ថេយ៍ មន្រ្តីសិទ្ធិមនុស្ស តំណាង OHCHR បានមានមតិថា តាំងពីការចាប់ផ្តើមបង្កើតមក អង្គការសហប្រជាជាតិ តែងតែថ្កោលទោសអំពើទារុណកម្ម ថាជាអំពើអាក្រក់ក្រៃលែង និងជាបទល្មើសក្នុងច្បាប់អន្តរជាតិ ហើយត្រូវបានហាមឃាត់ជាដាច់ខាត និងមិនអាចមានអ្វីយកមកធ្វើជាសំអាងក្នុងការប្រព្រឹត្តទង្វើនេះបាននោះទេ ទោះក្នុងកាលៈទេសៈណាក៏ដោយ។

ថ្លែងក្នុងសុន្ទរកថាបិទ ឯកឧត្ដម នុត សាអាន ប្រធាន គ.ជ.ប.ទ បានថ្លែងអំណរគុណដល់ ការិយាល័យឧត្ដមស្នងការទទួលបន្ទុកសិទ្ធិមនុស្ស ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្ត ដែលបានសហការសម្របសម្រួលជួយរៀបចំវគ្គនាពេលនេះ។ ឯកឧត្តម ក៏បានរៀបរាប់អំពីសាវតានៃការកកើត គ.ជ.ប.ទ បញ្ហាប្រឈមរបស់ គ.ជ.ប.ទ និងមន្រ្តីអនុវត្តច្បាប់។ ឯកឧត្តម បន្តទៀតថា មន្រី្តប្រតិបត្តិច្បាប់ត្រូវអនុវត្តភារកិច្ចខ្លួនឱ្យស្របតាមច្បាប់ លិខិតបទដ្ឋានគតិយុត្តនានាជាធរមាន សំដៅការពារសិទ្ធិ និងសេចក្ដីថ្លៃថ្នូររបស់មនុស្ស អាចប្រើប្រាស់កម្លាំងបានតែក្នុងករណីចំបាច់បំផុតសមហេតុផល ដើម្បីទប់ស្កាត់បទល្មើស មិនឱ្យប្រព្រឹត្តិការញុះញុង ឬបណ្តោយឱ្យមានការធ្វើទារុណកម្ម ឬប្រព្រឹត្តិកម្ម ឬដាក់ទណ្ឌកម្មដែលឃោរឃៅ អមនុស្សធម៌ ឬបន្ទាបបន្ថោក ឬយកបទបញ្ជាថ្នាក់លើមកធ្វើជាលេសឡើយ។ ត្រូវធានាឱ្យបាននូវការការពារពេញលេញដល់សុខភាព របស់ជនដែលស្ថិតក្នុងការគ្រប់គ្រងរបស់ខ្លួន ជាពិសេសត្រូវចាត់វិធានការភ្លាមៗតាមការចាំបាច់ ដើម្បីធានាបង្ការ និងឈានដល់ការលុបបំបាត់ទាំងស្រុងនូវអំពើទារុណកម្ម ដើម្បីលើកកម្ពស់សិទ្ធិមនុស្ស និងពង្រឹងនីតិរដ្ឋនៅកម្ពុជា។