| |

គ.ជ.ប.ទ សហការជាមួយ OHCHR Cambodia បានរៀបចំពិធីបើកវគ្គបណ្តុះបណ្តាល ស្តីពីការត្រួតពិនិត្យកន្លែងដកហូតសេរីភាព និងស៊ើបអង្កេតករណីសង្ស័យមានទារុណកម្ម ឬការប្រព្រឹត្តអំពើមិនគប្បីឯទៀត

នាព្រឹកថ្ងៃអង្គារ ៩រោច ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥

ក្នុងកិច្ចការបន្តគាំទ្រពីការិយាល័យឧត្តមស្នងការ អង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា OHCHR Cambodia គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម “គ.ជ.ប.ទ” សហការជាមួយ OHCHR Cambodia បានរៀបចំពិធីបើកវគ្គបណ្តុះបណ្តាល រយៈពេលបីថ្ងៃ ស្តីពីការត្រួតពិនិត្យកន្លែងដកហូតសេរីភាព និងស៊ើបអង្កេតករណីសង្ស័យមានទារុណកម្ម ឬការប្រព្រឹត្តអំពើមិនគប្បីឯទៀត ក្រោមអធិបតីភាព ឯកឧត្តម នុត សត្យា ប្រធានលេខាធិការដ្ឋាន នៃ គ.ជ.ប.ទ តំណាង ឯកឧត្ដមប្រធាន គ.ជ.ប.ទ និងលោកស្រី Claudia Diaz ប្រធានអង្គភាពការពារនៃ OHCHR Cambodia តំណាងលោកស្រី Roueida El Hage តំណាងប្រចាំកម្ពុជា របស់ OHCHR។

គោលបំណង៖

ដើម្បីបង្កើនសមត្ថភាព និងពង្រឹងចំណេះដឹង ជំនាញជូនមន្រ្តីរាជការចំណុះលេខាធិការដ្ឋាន គ.ជ.ប.ទ ចំនួន ៣០រូប ស្រ្តី ៦រូប តាមរយៈ ៖

១. ការឆ្លុះបញ្ជាំងពីតួនាទី ភារកិច្ចរបស់យន្តការបង្ការថ្នាក់ជាតិ និងរបស់ គ.ជ.ប.ទ ព្រមទាំងនិយាមបែបបទសម្រាប់អនុវត្ត របស់ គ.ជ.ប.ទ)

២. ពិភាក្សាអំពីគោលការណ៍ វិធីសាស្រ្តត្រួតពិនិត្យកន្លែងដកហូតសេរីភាព ការស៊ើបអង្កេតករណីសង្ស័យមានទារុណកម្ម ឬការប្រព្រឹត្តអំពើមិនគប្បីឯទៀត និងការរៀបចំរបាយការណ៍/អនុសាសន៍

៣. ការពិនិត្យឡើងវិញលើពិធិសារអ៊ីស្តង់ប៊ុល ៖ សៀវភៅណែនាំ ស្តីពីការស៊ើបអង្កេតប្រកបដោយប្រសិទ្ធភាព និងការរៀបចំរបាយការណ៍ ស្តីពីទារុណកម្ម និងការប្រព្រឹត្តិអំពើឃោរឃៅ អំពើអមនុស្សធម៌ អំពើធ្វើទុក្ខបុកម្នេញ ឬទណ្ឌកម្ម។