ពិធីបិទកិច្ចសវនកម្មផ្ទៃក្នុង សម្រាប់ការិយបរិច្ឆេទ២០២៤ និងបណ្តាឆ្នាំពាក់ព័ន្ធនៅលេខាធិការដ្ឋាន គ.ជ.ប.ទ
នាព្រឹកថ្ងៃព្រហស្បតិ៍ ១៣រោច ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥
លេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម “គ.ជ.ប.ទ” សហការជាមួយអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ក្រសួងមហាផ្ទៃ បានរៀបចំពិធីបិទកិច្ចសវនកម្មផ្ទៃក្នុង សម្រាប់ការិយបរិច្ឆេទ២០២៤ និងបណ្តាឆ្នាំពាក់ព័ន្ធនៅលេខាធិការដ្ឋាន គ.ជ.ប.ទ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នុត សត្យា ប្រធានលេខាធិការដ្ឋាន គ.ជ.ប.ទ និងលោក ឧត្តមសេនីយ៍ឯក សេង គង់ អគ្គនាយករង នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ក្រសួងមហាផ្ទៃ តំណាង ឯកឧត្ដម ឧត្តមសេនីយ៍ឯក ងួន ស្រេង អគ្គនាយក នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ក្រសួងមហាផ្ទៃ ដោយមានការចូលរួមពី គណៈប្រតិភូសវនកម្មផ្ទៃក្នុង លោកអនុប្រធានលេខាធិការដ្ឋាន លោកប្រធានផ្នែក ប្រធានផ្នែកស្តីទី លោក លោកស្រី អនុប្រធានផ្នែក លោក លោកស្រី ប្រធានការិយាល័យ និងមន្រ្តីជំនាញពាក់ព័ន្ធចំណុះ លេខាធិការដ្ឋាន គ.ជ.ប.ទ។
ថ្លែងក្នុងឱកាសនេះដែរ ឯកឧត្ដមប្រធាន លេខាធិការដ្ឋាន បានសម្ដែងនូវសេចក្ដីរីករាយនិងថ្លែងអំណរគុណ គណៈប្រតិភូសវនកម្មផ្ទៃក្នុង ព្រមទាំងណែនាំមន្រ្តីក្រោមឱវាទ ត្រូវធ្វើការកែតម្រូវនូវចំណុចខ្វះខាត ត្រូវខិតខំបំពេញការងារឱ្យបានល្អប្រសើរបន្ថែមទៀត។
ដោយសារមានចំណុចមួយចំនួនក្នុងរបាយការណ៍សរុបរបស់ គណៈប្រតិភូសវនកម្មផ្ទៃក្នុង មិនឆ្លុះបញ្ចាំងពីទិដ្ឋភាពជាក់ស្ដែងនៃលេខាធិការដ្ឋាន ឯកឧត្តមប្រធាន បានស្នើឲ្យលេខាធិការដ្ឋានអាចបញ្ចូលមតិឆ្លើយតប និងកែសម្រួលភាសាបច្ចេកទេសដែលបានលើកមកខុស។
ឯកឧត្តមប្រធាន លេខាធិការដ្ឋាន ក៏បានបញ្ចាក់សារជាថ្មីអំពីគោលជំហររបស់ ឯកឧត្តមប្រធាន គ.ជ.ប.ទ និងលេខាធិការដ្ឋាន ក្នុងការអនុវត្តតួនាទី ភារកិច្ចស្របតាមច្បាប់ លិខិតបទដ្ឋានគតិយុត្ត គោលការណ៍នានារបស់រាជរដ្ឋាភិបាល និងអាស្រ័យទិដ្ឋភាពជាក់ស្ដែងរបស់ស្ថាប័ន។ លេខាធិការដ្ឋាន ក៏តែងតែផ្ដល់កិច្ចសហការល្អ បើកចំហររាល់កិច្ចការងារពាក់ព័ន្ធ។
លោក ឧត្តមសេនីយ៍ឯក អគ្គនាយករង អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង និងជាអនុប្រធានគណៈប្រតិភូ បានមានប្រសាសន៍ណែនាំការងារជំនាញពាក់ព័ន្ធ ដើម្បីជាចំណែកមួយក្នុងការអនុវត្តគោលនយោបាយកំណែទម្រង់របស់រាជរដ្ឋាភិបាល ធានាការសម្រេចបានស្របតាមផែនការយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា។

























