លេខាធិការដ្ឋាន គ.ជ.ប.ទ សហការជាមួយអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ក្រសួងមហាផ្ទៃ បានរៀបចំបើកកិច្ចប្រជុំសវនកម្មផ្ទៃក្នុង សម្រាប់ការិយបរិច្ឆេទ២០២៤ និងបណ្តាឆ្នាំពាក់ព័ន្ធនៅលេខាធិការដ្ឋាន គ.ជ.ប.ទ
នាព្រឹកថ្ងៃពុធ ១០រោច ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥
លេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម “គ.ជ.ប.ទ” សហការជាមួយអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ក្រសួងមហាផ្ទៃ បានរៀបចំបើកកិច្ចប្រជុំសវនកម្មផ្ទៃក្នុង សម្រាប់ការិយបរិច្ឆេទ២០២៤ និងបណ្តាឆ្នាំពាក់ព័ន្ធនៅលេខាធិការដ្ឋាន គ.ជ.ប.ទ ក្រោមអធិបតីភាព ឯកឧត្តម នុត សត្យា ប្រធានលេខាធិការដ្ឋាន គ.ជ.ប.ទ និងលោក ឧត្តមសេនីយ៍ឯក សេង គង់ អគ្គនាយករង នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង តំណាង ឯកឧត្ដម ឧត្តមសេនីយ៍ឯក ងួន ស្រេង អគ្គនាយក នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ក្រសួងមហាផ្ទៃ ដោយមានការចូលរួមពី គណៈប្រតិភូសវនកម្មផ្ទៃក្នុង លោកអនុប្រធានលេខាធិការដ្ឋាន លោកប្រធានផ្នែក ប្រធានផ្នែកស្តីទី លោក លោកស្រី អនុប្រធានផ្នែក លោក លោកស្រី ប្រធានការិយាល័យ និងមន្រ្តីជំនាញពាក់ព័ន្ធចំណុះ លេខាធិការដ្ឋាន គ.ជ.ប.ទ។
ថ្លែងក្នុងឱកាសនេះដែរ ឯកឧត្ដមប្រធាន លេខាធិការដ្ឋាន គ.ជ.ប.ទ បានសម្ដែងនូវសេចក្ដីរីករាយនិងមានប្រសាសន៍ស្វាគមន៍ គណៈប្រតិភូសវនកម្មផ្ទៃក្នុង ព្រមទាំងណែនាំមន្រ្តីក្រោមឱវាទបង្កលក្ខណៈងាយស្រួល និងផ្ដល់កិច្ចសហការពេញលេញ សំដៅធានាកិច្ចសវនកម្មប្រកបដោយជោគជ័យស្របតាមគោលបំណងបានកំណត់។
លោក ឧត្តមសេនីយ៍ឯក អគ្គនាយករង អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង និងជាអនុប្រធានគណៈប្រតិភូ បានមានប្រសាសន៍ណែនាំការងារជំនាញពាក់ព័ន្ធ និងអំពីគោលបំណងនៃការបើកកិច្ចសវនកម្មផ្ទៃក្នុងនាពេលនេះ ដើម្បីជាចំណែកមួយក្នុងការអនុវត្តគោលនយោបាយកំណែទម្រង់របស់រាជរដ្ឋាភិបាល ធានាការសម្រេចបានស្របតាមផែនការយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១។
ជាទីបញ្ចប់ ឯកឧត្ដម នុត សត្យា ប្រធានលេខាធិការដ្ឋាន គ.ជ.ប.ទ និងលោក ឧត្ដមសេនីយ៍ឯក សេង គង់ អគ្គនាយករង និងជាអនុប្រធានគណៈប្រតិភូ បានប្រកាសបើកកិច្ចសវនកម្មផ្ទៃក្នុង នៅលេខាធិការដ្ឋាន គ.ជ.ប.ទ ប្រកបដោយស្មារតីទទួលខុសត្រូវ និងបរិយាកាសរីករាយស្និទ្ធស្នាល។