|

លោក ជំទាវ អ៊ូ ស៊ីរីតា បានដឹកនាំក្រុមការងារចុះត្រួតពិនិត្យកន្លែងដកហូតសេរីភាពក្នុងខេត្តស្វាយរៀងនិងខេត្តព្រៃវែង

កាលពីថ្ងៃទី៤-៨ ខែធ្នូ ឆ្នាំ២០២៣ ដោយទទួលបានការចាត់តាំងដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម នុត សាអាន ប្រធានគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម “គ.ជ.ប.ទ” លោក ជំទាវ អ៊ូ ស៊ីរីតា សមាជិក គ.ជ.ប.ទ បានដឹកនាំក្រុមការងារចុះត្រួតពិនិត្យកន្លែងដកហូតសេរីភាពក្នុងខេត្តស្វាយរៀងនិងខេត្តព្រៃវែង សរុប ១២គោលដៅ។

គោលបំណងនៃទស្សនកិច្ចនេះគឺដើម្បីធានាថាប្រព្រឹត្តកម្មរបស់អាជ្ញាធរពាក់ព័ន្ធមកលើជនដែលអាច ឬត្រូវបានដកហូតសេរីភាពស្របតាមលិខិតបទដ្ឋានជាធរមាន ហើយមន្រ្តីអនុវត្តច្បាប់ក៏ត្រូវបានគាំពាក្នុងការអនុវត្តតួនាទីរបស់ខ្លួន។

លោកជំទាវបានជួបសំណេះសំណាល និងពិភាក្សាការងារជាមួយរដ្ឋបាលខេត្ត គណៈគ្រប់គ្រងពន្ធនាគារខេត្ត ស្នងការដ្ឋាននគរបាលខេត្ត អធិការដ្ឋាននគរបាលស្រុក បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត និងមូលដ្ឋានកងរាជអាវុធហត្ថស្រុក អំពីតួនាទី ភារកិច្ចរបស់ គ.ជ.ប.ទ និងវិធានការបង្ការដើម្បីពង្រឹងកិច្ចការពារជនទាំងឡាយដែលអាច ឬត្រូវបានដកហូតសេរីភាពឱ្យរួចផុតពីទារុណកម្ម អំពើឃោរឃៅ អំពើអមនុស្សធម៌ អំពើធ្វើទុក្ខបុកម្នេញ ឬទណ្ឌកម្មឯទៀត។