ឯកឧត្ដម នុត សត្យា ចូលរួមសិក្ខាសាលាពិគ្រោះយោបល់និងចែករំលែកបទពិសោធន៍ ស្ដីពីការស្លាប់ក្នុងកន្លែងឃុំឃាំង នៅសាកលវិទ្យាល័យរដ្ឋតិចសាស ទីក្រុងអូស្ទីន The University of Texas at Austin
ដោយមានកិច្ចសហការរវាង គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម “គ.ជ.ប.ទ” និង ការិយាល័យ ទទួលបន្ទុកគ្រឿងញៀននិងឧក្រិដ្ឋកម្ម របស់អង្គការសហប្រជាជាតិ UNODC តាមរយៈការគាំទ្រពី UNODC គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម បានចាត់តាំង ឯកឧត្ដម នុត សត្យា ប្រធានលេខាធិការដ្ឋាន គ.ជ.ប.ទ ចូលរួមសិក្ខាសាលាពិគ្រោះយោបល់និងចែករំលែកបទពិសោធន៍ ស្ដីពីការស្លាប់ក្នុងកន្លែងឃុំឃាំង នៅសាកលវិទ្យាល័យរដ្ឋតិចសាស ទីក្រុងអូស្ទីន The University of Texas at Austin។
សិក្ខាសាលានេះត្រូវបានរៀបចំឡើងដោយ Lyndon B. Johnson School of Public Affairs នៃ The University of Texas at Austin មានរយៈពេលបីថ្ងៃ ដោយទទួលបានការអញ្ជើញចូលរួមពីអ្នកជំនាញនិងភាគីពាក់ព័ន្ធសរុបប្រមាណ ១៣០រូប ប្រតិបត្តិការងារក្នុងវិស័យយុត្តិធម៌ នគរបាលយុត្តិធម៌ ពន្ធនាគារ/មណ្ឌលអប់រំកែប្រែ មជ្ឍមណ្ឌលស្ថារនីតិសម្បទា យន្តការបង្ការ សាស្រ្តាចារច្បាប់/រដ្ឋបាលសាធារណៈ សារព័ត៌មាន ក្រុមអ្នកសង្គមស៊ីវិល សុខាភិបាល និងស្ថាប័នសិទ្ធិមនុស្ស មកពីរដ្ឋចំនួន ២៨ នៃសហរដ្ឋអាមេរិក និង ៥ ប្រទេស។ គួរបញ្ជាក់ផងដែរថានេះជាលើកទីមួយដែលសិក្ខាសាលាប្រភេទនេះត្រូវបានរៀបចំឡើងក្នុងសហរដ្ឋអាមេរិក ប្រមូលផ្ដុំដោយអ្នកជំនាញ អ្នកការពារសិទ្ធិមនុស្ស និងភាគីពាក់ព័ន្ធសំខាន់ៗ។
ប្រធានបទចំនួន ៥ ត្រូវបានយកមកពិភាក្សា និងចែករំលែកបទពិសោធន៍រួមមាន ៖ ១) ការពង្រឹងតម្លាភាពតាមរយៈការអភិវឌ្ឍនិងប្រើប្រាស់ទិន្នន័យជាសាធារណៈ។ ២) តួនាទីរបស់យន្តការបង្ការក្នុងការស៊ើបអង្កេត តាមដាន និងបង្ការការស្លាប់ក្នុងកន្លែងឃុំឃាំង។ ៣) យកករណីស្លាប់ក្នុងកន្លែងឃុំឃាំងជាទឡ្ហីករណ៍ដើម្បីដោះស្រាយស្ថានភាពមិនល្អ។ ៤) ការរាយការណ៍ដោយប្រព័ន្ធសារព័ត៌មាន ស្ដីពីការស្លាប់ក្នុងកន្លែងឃុំឃាំង។ និង ៥) ការដោះស្រាយតាមប្រព័ន្ធតុលាការចំពោះករណីស្លាប់ក្នុងកន្លែងឃុំឃាំង។
ទារុណកម្ម អំពើឃោរឃៅ អំពើអមនុស្សធម៌ អំពើធ្វើទុក្ខបុកម្នេញ និងអំពើមិនគប្បីឯទៀត ត្រូវបានហាមឃាត់ជាដាច់ខាតតាមមាត្រា៧ នៃកតិកាសញ្ញាអន្តរជាតិ ស្ដីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ ឆ្នាំ១៩៦៦។ អនុសញ្ញាប្រឆាំងទារុណកម្ម បញ្ជាក់ជាថ្មីអំពីការហាមឃាត់នោះ ហើយផ្ដល់ការការពារបន្ថែមដើម្បីធានាថាទារុណកម្ម និងការប្រព្រឹត្តអំពើមិនគប្បីឯទៀតមិនអាចកើតមានឡើង។ ព្រះរាជាណាចក្រកម្ពុជា ក្រោមម្លប់សន្តិភាពបានបង្ហាញពីឆនៈនៃការគោរពសិទ្ធិមនុស្ស ដោយរដ្ឋធម្មនុញ្ញ មាត្រា៣១ ធានាថាធម្មនុញ្ញនៃអង្គការសហប្រជាជាតិ សេចក្ដីប្រកាសជាសកល ស្ដីពីសិទ្ធិមនុស្ស និងកតិកាសញ្ញា ព្រមទាំងអនុសញ្ញាទាំងឡាយទាក់ទងនឹងសិទ្ធិមនុស្ស សិទ្ធិនារី និងសិទ្ធិកុមារ។ មាត្រា៣៨ ហាមឃាត់ជាពិសេស ចំពោះការធ្វើទារុណកម្ម និងការព្យាបាទដទៃទៀត ហើយប្រកាសថាចម្លើយសារភាពដែលទទួលបានតាមរយៈការធ្វើទារុណកម្ម និង/ឬអំពើមិនគប្បីឯទៀត មិនអាចធ្វើជាភស្តុតាងបញ្ជាក់អំពីពិរុទ្ធភាពបានឡើយ។
ទារុណកម្ម អំពើឃោរឃៅ អំពើអមនុស្សធម៌ អំពើធ្វើទុក្ខបុកម្នេញ និងអំពើមិនគប្បីឯទៀត នៅតែជាបញ្ហា ជាកង្វល់របស់មនុស្សលោក តម្រូវឱ្យយើងទាំងអស់គ្នារួមសហការបង្ការ ទប់ស្កាត់ និងប្រឆាំងទារុណកម្ម និងអំពើមិនគប្បីគ្រប់ទម្រង់។ រួមគ្នាដើម្បីកម្ពុជា ជាសង្គមមួយគ្មានទារុណកម្ម។