| | | |

ឯកឧត្តម កែវ តារាពង្ស បានដឹកនាំគណៈប្រតិភូ ជួបសំណេះសំណាលជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកណ្តាល និងបើកកិច្ចត្រួតពិនិត្យពន្ធនាគារខេត្តកណ្តាល

នាថ្ងៃពុធ ១កើត ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥

ឯកឧត្តម កែវ តារាពង្ស អនុប្រធានគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម ដោយអនុវត្តតាមការចាត់តាំងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ប្រធាន “គ.ជ.ប.ទ” បានដឹកនាំគណៈប្រតិភូ ជួបសំណេះសំណាលជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកណ្តាល ដោយមានការចូលរួមពី លោក ណុប ដារ៉ា អភិបាលរងខេត្ត តំណាង ឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្តកណ្តាល លោកប្រធានពន្ធនាគារខេត្ត លោកស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្ត លោកមេបញ្ជាការរង នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ប្រធានមន្ទីរកិច្ចការនារីខេត្ត ប្រធានស្តីទីមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ប្រធានមជ្ឈមណ្ឌលជាតិព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន ប្រធានមជ្ឈមណ្ឌលថែទាំស្តារនីតិសម្បទាជនវិបល្លាសស្មារតី លោកអភិបាលរងស្រុកកណ្តាលស្ទឹង តំណាងមន្ទីរសុខាភិបាល រួមទាំងមន្រ្តីពាក់ព័ន្ធ ដើម្បីផ្តល់កិច្ចសហការល្អក្នុងការងារចុះត្រួតពិនិត្យកន្លែងដកហូតសេរីភាពក្នុងខេត្តកណ្តាល រួមមាន ពន្ធនាគារខេត្ត បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ស្នងការដ្ឋាននគរបាលខេត្ត មជ្ឈមណ្ឌលជាតិព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន និងមជ្ឈមណ្ឌលថែទាំស្តារនីតិសម្បទាជនវិបល្លាសស្មារតី។

បន្ទាប់មក ឯកឧត្តម បានដឹកនាំមន្រ្តីនៃលេខាធិការដ្ឋាន ដើម្បីបើកកិច្ចត្រួតពិនិត្យពន្ធនាគារខេត្តកណ្តាល។ ក្រៅពីជួបសំណេះសំណាលពិភាក្សាការងារជាមួយ លោកឧត្ដមអគ្គានុរក្សថ្នាក់លេខ២ ឯម និមល ប្រធានពន្ធនាគារ និងមន្រ្តីពាក់ព័ន្ធ គណៈប្រតិភូ បានផ្សព្វផ្សាយអំពី តួនាទី ភារកិច្ចរបស់ គ.ជ.ប.ទ និងគោលការណ៍សិទ្ធិមនុស្សក្នុងការងារបង្ការ ទប់ស្កាត់ និងប្រឆាំងទារុណកម្ម និងអំពើមិនគប្បីគ្រប់ទម្រង់។ ឯកឧត្តម ក៏បានអញ្ចើញត្រួតពិនិត្យដោយផ្ទាល់នូវហេដ្ឋារចនាសម្ព័ន្ធ សម្ភារៈបរិក្ខារ ស្ថានភាពជនជាប់ឃុំ ស្ថានភាពមន្រ្តី និងជួបសម្ភាសន៍មន្រ្តី និងជនជាប់ឃុំ ដើម្បីស្វែងយល់ពីបញ្ហាប្រឈម លទ្ធផលសម្រេចបាននានារបស់ពន្ធនាគារ ហើយបានចែករំលែកបទពិសោធន៍ និងផ្ដល់អនុសាសន៍មួយចំនួនដល់មន្រ្តីពន្ធនាគារផងដែរ៕