ឯកឧត្តម ញ៉ែម វ៉ាន់នី បានដឹកនាំគណៈប្រតិភូដើម្បីបើកកិច្ចត្រួតពិនិត្យកន្លែងដកហូតសេរីភាព នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រៃវែង
នៅរសៀលថ្ងៃអង្គារ ១៥កើត ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹង ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥
ឯកឧត្តម ញ៉ែម វ៉ាន់នី សមាជិក គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម “គ.ជ.ប.ទ” ដោយអនុវត្តន៍តាមការចាត់តាំងដ៍ខ្ពង់ខ្ពស់របស់ ឯកឧត្តមប្រធាន “គ.ជ.ប.ទ” បានដឹកនាំគណៈប្រតិភូដើម្បីបើកកិច្ចត្រួតពិនិត្យកន្លែងដកហូតសេរីភាព នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រៃវែង និងការអនុវត្តច្បាប់លើជនត្រូវបានដកហូតសេរីភាព។
ក្រៅពីជួបសំណេះសំណាលពិភាក្សាការងារចែករំលែកបទពិសោធន៍ ជាមួយលោកវរសេនីយ៍ឯក ជ័យ សឿង ប្រធានមន្ទីរសន្តិសុខ តំណាង លោកមេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រៃវែង និងមន្រ្តីពាក់ព័ន្ធ គណៈប្រតិភូបានផ្សព្វផ្សាយអំពីតួនាទី ភារកិច្ចរបស់ គ.ជ.ប.ទ និងគោលការណ៍សិទ្ធិមនុស្សមួយចំនួនលើការងារបង្ការ ទប់ស្កាត់ និងប្រឆាំងទារុណកម្ម និងអំពើមិនគប្បីគ្រប់ទម្រង់។
បន្ទាប់មក ឯកឧត្តម ក៏បានដឹកនាំគណៈប្រតិភូ ត្រួតពិនិត្យ ហេដ្ឋារចនាសម្ព័ន្ធ សម្ភារៈបរិក្ខារ បន្ទប់ឃាត់ខ្លួន បន្ទប់សួរយកចម្លើយ ស្ថានភាពមន្រ្តី និងជួបសម្ភាសន៍មន្រ្តីជំនាញពាក់ព័ន្ធ ដើម្បីស្វែងយល់ពីបញ្ហាប្រឈម និងលទ្ធផលសម្រេចបាននានារបស់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត។
ឆ្លៀតឱកាសនេះដែរ ឯកឧត្តម បានថ្លែងអំណរគុណចំពោះ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដែលបានផ្ដល់កិច្ចសហការល្អជាមួយ គ.ជ.ប.ទ កន្លងមក។ ឯកឧត្តម បានផ្ដល់អនុសាសន៍ជាបឋមមួយចំនួន ក្នុងន័យធ្វើឱ្យប្រសើរឡើងនូវប្រព្រឹត្តកម្មរបស់អាជ្ញាធរលើជនដែលអាច ឬត្រូវបានដកហូតសេរីភាព។









