| | | |

ឯកឧត្តម ញ៉ែម វ៉ាន់នី បានដឹកនាំគណៈប្រតិភូ ជួបសំណេះសំណាលជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តស្វាយរៀង និងចុះត្រួតពិនិត្យពន្ធនាគារខេត្តស្វាយរៀង

នាថ្ងៃពុធ ១រោច ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥

ឯកឧត្តម ញ៉ែម វ៉ាន់នី សមាជិក “គ.ជ.ប.ទ” ដោយអនុវត្តតាមការចាត់តាំងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ប្រធាន “គ.ជ.ប.ទ” បានដឹកនាំគណៈប្រតិភូជួបសំណេះសំណាលជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តស្វាយរៀង ដោយមានការចូលរួមពី លោក ម៉ែន កល្យាណ អភិបាលរងខេត្ត តំណាង ឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង លោកប្រធានពន្ធនាគារខេត្ត លោកស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្ត លោក បញ្ជាការរង នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត រួមទាំងមន្រ្តីពាក់ព័ន្ធ ដើម្បីផ្តល់កិច្ចសហការល្អក្នុងការងារចុះត្រួតពិនិត្យកន្លែងដកហូតសេរីភាពក្នុងខេត្តស្វាយរៀង រួមមាន ពន្ធនាគារខេត្ត ស្នងការដ្ឋាននគរបាលខេត្ត និងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត។

បន្ទាប់មក ឯកឧត្តម បានដឹកនាំមន្រ្តីនៃលេខាធិការដ្ឋាន ដើម្បីបើកកិច្ចត្រួតពិនិត្យពន្ធនាគារខេត្តស្វាយរៀង។ ក្រៅពីជួបសំណេះសំណាលពិភាក្សាការងារជាមួយ លោកឧត្ដមអគ្គានុរក្សថ្នាក់លេខ៣ គង់ សំអាត ប្រធានពន្ធនាគារ និងមន្រ្តីពាក់ព័ន្ធ គណៈប្រតិភូ បានផ្សព្វផ្សាយអំពី តួនាទី ភារកិច្ចរបស់ គ.ជ.ប.ទ និងគោលការណ៍សិទ្ធិមនុស្សក្នុងការងារបង្ការ ទប់ស្កាត់ និងប្រឆាំងទារុណកម្ម និងអំពើមិនគប្បីគ្រប់ទម្រង់។ ឯកឧត្តម ក៏បានអញ្ចើញត្រួតពិនិត្យដោយផ្ទាល់នូវហេដ្ឋារចនាសម្ព័ន្ធ សម្ភារៈបរិក្ខារ ស្ថានភាពជនជាប់ឃុំ ស្ថានភាពមន្រ្តី និងជួបសម្ភាសន៍មន្រ្តី និងជនជាប់ឃុំ ដើម្បីស្វែងយល់ពីបញ្ហាប្រឈម លទ្ធផលសម្រេចបាននានារបស់ពន្ធនាគារ ហើយបានចែករំលែកបទពិសោធន៍ និងផ្ដល់អនុសាសន៍មួយចំនួនដល់មន្រ្តីពន្ធនាគារផងដែរ៕