ឯកឧត្តម នុត សត្យា បានដឹកនាំគណៈប្រតិភូ ដើម្បីបើកកិច្ចត្រួតពិនិត្យពន្ធនាគារខេត្តកំពត និងពន្ធនាគារខេត្តកែប
នាថ្ងៃចន្ទ ៦កើត ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹង ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥
ឯកឧត្តម នុត សត្យា ប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម “គ.ជ.ប.ទ” ដោយអនុវត្តន៍តាមការចាត់តាំងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមប្រធាន គ.ជ.ប.ទ បានដឹកនាំមន្រ្តីនៃលេខាធិការដ្ឋាន ដើម្បីបើកកិច្ចត្រួតពិនិត្យពន្ធនាគារខេត្តកំពត និងពន្ធនាគារខេត្តកែប ដោយមានការចូលរួមពី លោកឧត្ដមអគ្គានុរក្សថ្នាក់លេខ២ អៀម សារឹម ប្រធានពន្ធនាគារខេត្តកំពត លោកឧត្ដមអគ្គានុរក្សថ្នាក់លេខ២ ព្រាប ឌន ប្រធានពន្ធនាគារខេត្តកែប និងមន្រ្តីពាក់ព័ន្ធមកពីពន្ធនាគារខេត្តកំពត និងពន្ធនាគារខេត្តកែប។
ក្រៅពីជួបសំណេះសំណាលពិភាក្សាការងារជាមួយ លោកប្រធាន ពន្ធនាគារខេត្តកំពត លោកប្រធាន ពន្ធនាគារខេត្តកែប និងមន្រ្តីពាក់ព័ន្ធ គណៈប្រតិភូបានផ្សព្វផ្សាយអំពីគោលការណ៍សិទ្ធិមនុស្សក្នុងន័យបង្ការ ទប់ស្កាត់ និងប្រឆាំងទារុណកម្ម និងអំពើមិនគប្បីគ្រប់ទម្រង់។
បន្ទាប់មក ឯកឧត្តម និងគណៈប្រតិភូក៏បានអញ្ចើញត្រួតពិនិត្យដោយផ្ទាល់នូវហេដ្ឋារចនាសម្ព័ន្ធ សម្ភារៈបរិក្ខារ ស្ថានភាពជនជាប់ឃុំ ស្ថានភាពមន្រ្តី ការអនុវត្តចំពោះជនជាប់ឃុំ ជួបសម្ភាសន៍មន្រ្តី និងជនជាប់ឃុំ ដើម្បីស្វែងយល់ពីបញ្ហាប្រឈម លទ្ធផលសម្រេចបាននានារបស់ពន្ធនាគារទាំងពីរ។ ឯកឧត្តម និងគណៈប្រតិភូ បានផ្ដល់អនុសាសន៍មួយចំនួន ក្នុងនោះមានចំណុចមួយចំនួនដែលពន្ធនាគារ បាននិងកំពុងអនុវត្តបានល្អប្រសើ និងមួយចំនួនអាចពង្រឹងបន្ថែមដើម្បីសម្រួលដល់ស្ថានភាពចង្រ្អៀតណែនក្នុងពន្ធនាគារ។




































