| | | |

ឯកឧត្តម នុត សត្យា បានដឹកនាំគណៈប្រតិភូដើម្បីបើកកិច្ចត្រួតពិនិត្យកន្លែងដកហូតសេរីភាព នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពត

នារសៀលថ្ងៃអង្គារ ៧កើត ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹង ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥

ឯកឧត្តម នុត សត្យា ប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម “គ.ជ.ប.ទ” ដោយអនុវត្តន៍តាមការចាត់តាំងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមប្រធាន គ.ជ.ប.ទ បានដឹកនាំគណៈប្រតិភូដើម្បីបើកកិច្ចត្រួតពិនិត្យកន្លែងដកហូតសេរីភាព នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពត និងការអនុវត្តច្បាប់លើជនត្រូវបានដកហូតសេរីភាព។

ក្រៅពីជួបសំណេះសំណាលពិភាក្សាការងារចែករំលែកបទពិសោធន៍ ជាមួយលោកឧត្តមសេនីយ៍ត្រី ចាប សុទ្ធាវុឌ្ឍន៍ មេបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពត និងមន្រ្តីពាក់ព័ន្ធ គណៈប្រតិភូបានផ្សព្វផ្សាយអំពីតួនាទី ភារកិច្ចរបស់ គ.ជ.ប.ទ និងគោលការណ៍សិទ្ធិមនុស្សមួយចំនួនលើការងារបង្ការ ទប់ស្កាត់ និងប្រឆាំងទារុណកម្ម និងអំពើមិនគប្បីគ្រប់ទម្រង់។

បន្ទាប់មក ឯកឧត្តម ក៏បានអញ្ចើញត្រួតពិនិត្យដោយផ្ទាល់នូវ ហេដ្ឋារចនាសម្ព័ន្ធ បន្ទប់ឃាត់ខ្លួន បន្ទប់ស្តាប់ចម្លើយ ដែលកំពុងដំណើរការសាងសង់ ស្ថានភាពមន្រ្តី និងជួបសម្ភាសន៍មន្រ្តីជំនាញពាក់ព័ន្ធ ដើម្បីស្វែងយល់ពីបញ្ហាប្រឈម និងលទ្ធផលសម្រេចបាននានារបស់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត។

ឆ្លៀតឱកាសនេះដែរ ឯកឧត្តមប្រធាន លេខាធិការដ្ឋាន បានថ្លែងអំណរគុណចំពោះ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពត ដែលបានផ្ដល់កិច្ចសហការល្អជាមួយ គ.ជ.ប.ទ កន្លងមក។ ឯកឧត្តម បានផ្ដល់អនុសាសន៍ជាបឋមមួយចំនួន ក្នុងន័យធ្វើឱ្យប្រសើរឡើងនូវប្រព្រឹត្តកម្មរបស់អាជ្ញាធរលើជនដែលអាច ឬត្រូវបានដកហូតសេរីភាព ពិសេសកត្តាមួយចំនួនដែលអាចជួយដោះស្រាយភាពចង្អៀតណែនក្នុងពន្ធនាគារ។