| | | |

ឯកឧត្តម នុត សត្យា បានដឹកនាំគណៈប្រតិភូ ដើម្បីបើកកិច្ចត្រួតពិនិត្យកន្លែងដកហូតសេរីភាព នៃស្នងការដ្ឋាននគរបាលខេត្តកែប

នាព្រឹកថ្ងៃ ព្រហស្បតិ៍ ៩កើត ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹង ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥

ឯកឧត្តម នុត សត្យា ប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម “គ.ជ.ប.ទ” ដោយអនុវត្តន៍តាមការចាត់តាំងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមប្រធាន គ.ជ.ប.ទ បានដឹកនាំគណៈប្រតិភូ ដើម្បីបើកកិច្ចត្រួតពិនិត្យកន្លែងដកហូតសេរីភាព នៃស្នងការដ្ឋាននគរបាលខេត្តកែប និងការអនុវត្តច្បាប់លើជនត្រូវបានដកហូតសេរីភាព។

ក្រៅពីជួបសំណេះសំណាលពិភាក្សាការងារចែករំលែកបទពិសោធន៍ ជាមួយលោកឧត្តមសេនីយ៍ត្រី យស ភីរិទ្ធ ស្នងការរង តំណាង លោកឧត្ដមសេនីយ៍ទោ ស្នងការនគរបាលខេត្តកែប និងមន្រ្តីនគរបាលពាក់ព័ន្ធ គណៈប្រតិភូបានផ្សព្វផ្សាយអំពីតួនាទី ភារកិច្ចរបស់ គ.ជ.ប.ទ និងគោលការណ៍សិទ្ធិមនុស្សមួយចំនួនលើការងារបង្ការ ទប់ស្កាត់ និងប្រឆាំងទារុណកម្ម និងអំពើមិនគប្បីគ្រប់ទម្រង់។

បន្ទាប់មក ឯកឧត្តម ក៏បានអញ្ចើញត្រួតពិនិត្យដោយផ្ទាល់នូវ ហេដ្ឋារចនាសម្ព័ន្ធ សម្ភារៈបរិក្ខារ បន្ទប់ឃាត់ខ្លួន បន្ទប់ស្តាប់ចម្លើយ ស្ថានភាពមន្រ្តី និងជួបសម្ភាសន៍មន្រ្តីជំនាញពាក់ព័ន្ធ ដើម្បីស្វែងយល់ពីបញ្ហាប្រឈម និងលទ្ធផលសម្រេចបាននានារបស់ស្នងការដ្ឋាននគរបាលខេត្ត។

ឆ្លៀតឱកាសនេះដែរ ឯកឧត្តមប្រធាន លេខាធិការដ្ឋាន បានថ្លែងអំណរគុណចំពោះអគ្គស្នងការដ្ឋាននគរបាលជាតិ ស្នងការដ្ឋាននគរបាលខេត្ត ដែលបានផ្ដល់កិច្ចសហការល្អជាមួយ គ.ជ.ប.ទ កន្លងមក។ ឯកឧត្តម បានផ្ដល់អនុសាសន៍ជាបឋមមួយចំនួន ក្នុងន័យធ្វើឱ្យប្រសើរឡើងនូវប្រព្រឹត្តកម្មរបស់អាជ្ញាធរលើជនដែលអាច ឬត្រូវបានដកហូតសេរីភាព ពិសេសកត្តាមួយចំនួនដែលអាចជួយដោះស្រាយភាពចង្អៀតណែនក្នុងពន្ធនាគារ។