ឯកឧត្តម នុត សត្យា ប្រធានលេខាធិការដ្ឋាន នៃ “គ.ជ.ប.ទ” បានដឹកនាំមន្រ្តីនៃលេខាធិការដ្ឋាន ចុះត្រួតពិនិត្យកន្លែងដកហូតសេរីភាព នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ
នៅព្រឹកថ្ងៃពុធ ១១កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៨ ត្រូវនឹង ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥
ឯកឧត្តម នុត សត្យា ប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម “គ.ជ.ប.ទ” ដោយអនុវត្តន៍តាមការចាត់តាំងដ៍ខ្ពង់ខ្ពស់របស់ ឯកឧត្តមប្រធាន គ.ជ.ប.ទ បានដឹកនាំមន្រ្តីនៃលេខាធិការដ្ឋាន ដើម្បីចុះត្រួតពិនិត្យកន្លែងដកហូតសេរីភាព នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ និងការអនុវត្តច្បាប់លើជនត្រូវបានដកហូតសេរីភាព។ ក្រៅពីជួបសំណេះសំណាលពិភាក្សាការងារចែករំលែកបទពិសោធន៍ ជាមួយលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ និងមន្រ្តីនគរបាលពាក់ព័ន្ធ គណៈប្រតិភូបានផ្សព្វផ្សាយអំពីតួនាទី ភារកិច្ចរបស់ គ.ជ.ប.ទ និងគោលការណ៍សិទ្ធិមនុស្សមួយចំនួនលើការងារបង្ការ ទប់ស្កាត់ និងប្រឆាំងទារុណកម្ម និងអំពើមិនគប្បីគ្រប់ទម្រង់។
បន្ទាប់មក ឯកឧត្តម ក៏បានអញ្ចើញត្រួតពិនិត្យដោយផ្ទាល់នូវហេដ្ឋារចនាសម្ព័ន្ធ សម្ភារៈបរិក្ខារ បន្ទប់ឃាត់ខ្លួន បន្ទប់សួរយកចម្លើយ ស្ថានភាពជនត្រូវបានដកហូតសេរីភាព ស្ថានភាពមន្រ្តី និងជួបសម្ភាសន៍មន្រ្តីជំនាញពាក់ព័ន្ធ និងជនត្រូវបានដកហូតសេរីភាព ដើម្បីស្វែងយល់ពីបញ្ហាប្រឈម ចំណុចខ្លាំង/ខ្សោយ លទ្ធផលនានារបស់ស្នងការដ្ឋាននគរបាលខេត្ត។
ឆ្លៀតឱកាសនេះដែរ ឯកឧត្តមប្រធាន លេខាធិការដ្ឋាន បានកោតសរសើចំពោះកិច្ចខិតខំអនុវត្តតួនាទី ភារកិច្ចរបស់មន្រ្តីនគរបាលខេត្ត និងការផ្ដល់កិច្ចសហការល្អជាមួយ គ.ជ.ប.ទ កន្លងមក។ ឯកឧត្តម បានផ្ដល់អនុសាសន៍ជាបឋមមួយចំនួន ក្នុងន័យធ្វើឲ្យប្រសើរឡើងនូវប្រព្រឹត្តកម្មរបស់អាជ្ញាធរលើជនដែលអាច ឬត្រូវបានដកហូតសេរីភាព។