ឯកឧត្តម នុត សត្យា ប្រធានលេខាធិការដ្ឋាន នៃ “គ.ជ.ប.ទ” តំណាង ឯកឧត្តមប្រធាន គ.ជ.ប.ទ អមដោយ ថ្នាក់ដឹកនាំនិងមន្រ្តីលេខាធិការដ្ឋាន មួយចំនួន បានអញ្ជើញចូលរួមពិធីបុណ្យ វិសាខបូជា
ព្រឹកថ្ងៃអាទិត្យ ១៥កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៥
ឯកឧត្តម នុត សត្យា ប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ) តំណាង ឯកឧត្តមប្រធាន គ.ជ.ប.ទ អមដោយ ថ្នាក់ដឹកនាំនិងមន្រ្តីលេខាធិការដ្ឋាន មួយចំនួន បានអញ្ជើញចូលរួមពិធីបុណ្យ វិសាខបូជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់ ឯកឧត្ត អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និង លោកជំទាវ ជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នៅ បរិវេណ ឧបដ្ឋានសាលាបុណ្យចំពីមុខព្រះមហាសក្យមុនីចេតិយភ្នំព្រះរាជទ្រព្យ (ភ្នំឧត្តុង្គ) ស្ថិតក្នុងស្រុកពញាឮ ខេត្តកណ្តាល។
ក្នុងពិធីនោះដែរក៏មានការយាង និមន្តអញ្ជើញចូលរួមពី សម្តេចព្រះសង្ឃរាជទាំងពីរគណៈ មន្រ្តីអ្នកមុខអ្នកការ និងប្រជាពលរដ្ឋ ពុទ្ធបរិស័ទ មកពីទីជិត ឆ្ងាយ យ៉ាងច្រើនកុះករ។ ក្នុងឱកាសនោះ ឯកឧត្តម និងមន្រ្តីក្រោមឱវាទក៏បានរាប់បាត្រព្រះសង្ឃដើម្បីឧទ្ទិសកុសលផលបុណ្យ សូមឲ្យព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ តាមឃុំគ្រង ថែរក្សាយើងទាំងអស់គ្នាជួបតែសេចក្តីសុខ សេចក្តីចម្រើនជារៀងរហូត បន្តរស់នៅក្រោមម្លប់សន្តិភាពជារៀងតទៅ។
អនុមោទនា ថ្ងៃបុណ្យវិសាខបូជា ថ្ងៃ១៥កើត ខែពិសាខ នេះ គឺជាថ្ងៃបុណ្យវិសាខបូជា មិនថាតែនៅកម្ពុជាទេគឺនៅថ្ងៃនេះពុទ្ធសាសនិកជនទូទាំងពិភពលោក ក៏បាននាំគ្នាប្រារព្ធពិធីបុណ្យសាសនា ដ៏សំខាន់ខាងលើនេះផងដែរ។
វិសាខបូជា ជាពិធីបុណ្យដ៏សំខាន់មួយនៅក្នុងព្រះពុទ្ធសាសនា ដែលត្រូវបានអង្គការ សហប្រជាជាតិទទួលស្គាល់ថា ជាទិវាបុណ្យវិសាខបូជាអន្ដរជាតិ នៅឆ្នាំ១៩៩៩ ដោយអនុញ្ញាតឱ្យមានការរៀបចំពិធីបុណ្យនេះ នៅស្នាក់ការអង្គការ សហប្រជាជាតិផ្ទាល់តែម្ដង។ ពុទ្ធសាសនិកទូទាំងពិភពលោក បានរៀបចំពិធីបុណ្យ នេះទៅតាមប្រពៃណីប្រទេសនីមួយៗ។
សូមអនុមោទនាបុណ្យវិសាខបូជា