| | |

ឯកឧត្តម ម៉ក់ សម្បត្តិ អនុប្រធាន “គ.ជ.ប.ទ” បានដឹកនាំគណៈប្រតិភូ ដើម្បីចុះត្រួតពិនិត្យកន្លែងដកហូតសេរីភាពក្នុងខេត្តរតនគិរី

ថ្ងៃចន្ទ ១១កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹង ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦

ដោយអនុវត្តតាមការចាត់តាំងរបស់ ឯកឧត្តម សៀង ឡាប្រេស្ស ប្រធានគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម “គ.ជ.ប.ទ” ឯកឧត្តម ម៉ក់ សម្បត្តិ អនុប្រធាន “គ.ជ.ប.ទ” បានដឹកនាំគណៈប្រតិភូ ដើម្បីចុះត្រួតពិនិត្យកន្លែងដកហូតសេរីភាពក្នុងខេត្តរតនគិរី ។

ឯកឧត្តម និងក្រុមការងារបានចូលជួបសំណេះសំណាល និងពិភាក្សាការងារជាមួយ លោក វ៉ាន់ សោភា អភិបាលរងខេត្ត តំណាង ឯកឧត្តម អភិបាលខេត្តរតនគិរី ដោយមានការចូលរួមពីមន្រ្តីពាក់ព័ន្ធមួយចំនួនផងដែរ។

បន្ទាប់មក ឯកឧត្តមបានដឹកនាំក្រុមការងារចុះត្រួតពិនិត្យពន្ធនាគារនិងជួបសំណេះសំណាលពិភាក្សាការងារជាមួយ លោក ឧត្តមអគ្គានុរក្សថ្នាក់លេខ២ អ៊ុក គឹមជន ប្រធានពន្ធនាគារ និងមន្រ្តីពាក់ព័ន្ធ។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម បានផ្សព្វផ្សាយអំពីគោលការណ៍ស្តីពីសិទ្ធិមនុស្សក្នុងន័យបង្ការ ទប់ស្កាត់ និងប្រឆាំងទារុណកម្ម និងអំពើមិនគប្បីគ្រប់ទម្រង់ ជាពិសេសស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់សិទ្ធិមនុស្ស និងពង្រឹងនីតិរដ្ឋនៅកម្ពុជា។

ជាកិច្ចបន្ត ឯកឧត្តម និងក្រុមការងារ ក៏បានអញ្ចើញត្រួតពិនិត្យដោយផ្ទាល់នូវហេដ្ឋារចនាសម្ព័ន្ធ សម្ភារៈបរិក្ខារ ស្ថានភាពជនជាប់ឃុំ ស្ថានភាពមន្រ្តី ការអនុវត្តចំពោះជនជាប់ឃុំ ជួបសម្ភាសន៍មន្រ្តី និងជនជាប់ឃុំ ដើម្បីដឹងពីបញ្ហាប្រឈមពិតប្រាកដ និងភាពជាក់ស្តែងរបស់ជនជាប់ឃុំ ក៏ដូចជាលទ្ធផលសម្រេចបាននានារបស់ពន្ធនាគារខេត្តរតនគិរីផងដែរ។

ជាកិច្ចបញ្ចប់ ឯកឧត្តម ប្រធានក្រុមការងារ បានផ្ដល់អនុសាសន៍ណែនាំកែលម្អមួយចំនួនដល់ពន្ធនាគារ ដែលបាននិងកំពុងអនុវត្តបានល្អប្រសើរ និងមួយចំនួនទៀតត្រូវពង្រឹងបន្ថែមដើម្បីសម្រួលដល់ស្ថានភាពចង្រ្អៀតណែនរបស់ជនជាប់ឃុំក្នុងពន្ធនាគារនេះផងដែរ។