|

ឯកឧត្តម រ៉ូ ប៊ីនណៃ ដឹកនាំក្រុមការងារចុះត្រួតពិនិត្យកន្លែងដកហូតសេរីភាពក្នុងខណ្ឌ៧កមរា និងខណ្ឌដូនពេញ

កាលពីថ្ងៃទី១៥ និងថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ ដោយទទួលបានការចាត់តាំងដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម នុត សាអាន ប្រធានគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម “គ.ជ.ប.ទ” ឯកឧត្តម រ៉ូ ប៊ីនណៃ សមាជិក គ.ជ.ប.ទ បានដឹកនាំក្រុមការងារចុះត្រួតពិនិត្យកន្លែងដកហូតសេរីភាពក្នុងខណ្ឌ៧កមរា និងខណ្ឌដូនពេញ សរុប ៤គោលដៅ។

គោលបំណងនៃទស្សនកិច្ចនេះគឺដើម្បីធានាថាប្រព្រឹត្តកម្មរបស់អាជ្ញាធរពាក់ព័ន្ធមកលើជនដែលអាច ឬត្រូវបានដកហូតសេរីភាពស្របតាមលិខិតបទដ្ឋានជាធរមាន ហើយមន្រ្តីអនុវត្តច្បាប់ក៏ត្រូវបានគាំពារក្នុងការអនុវត្តតួនាទីរបស់ខ្លួន។
ឯកឧត្តមបានជួបសំណេះសំណាល និងពិភាក្សាការងារជាមួយ អធិការដ្ឋាននគរបាលខណ្ឌ និងមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌ អំពីតួនាទី ភារកិច្ចរបស់ គ.ជ.ប.ទ និងវិធានការបង្ការដើម្បីពង្រឹងកិច្ចការពារជនទាំងឡាយដែលអាច ឬត្រូវបានដកហូតសេរីភាពឱ្យរួចផុតពីទារុណកម្ម អំពើឃោរឃៅ អំពើអមនុស្សធម៌ អំពើធ្វើទុក្ខបុកម្នេញ ឬទណ្ឌកម្មឯទៀត។