ឯកឧត្តម ហ៊ី ព្រូ បានដឹកនាំក្រុមការងារចុះត្រួតពិនិត្យកន្លែងដកហូតសេរីភាពក្នុងខណ្ឌកំបូល និងខណ្ឌពោធិ៍សែនជ័យ
កាលពីថ្ងៃទី៦ និង ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៣ ដោយទទួលបានការចាត់តាំងដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម នុត សាអាន ប្រធានគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម “គ.ជ.ប.ទ” ឯកឧត្តម ហ៊ី ព្រូ សមាជិក គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម បានដឹកនាំក្រុមការងារចុះត្រួតពិនិត្យកន្លែងដកហូតសេរីភាពក្នុងខណ្ឌកំបូល និងខណ្ឌពោធិ៍សែនជ័យ សរុប ៥គោលដៅ។
គោលបំណងនៃទស្សនកិច្ចនេះគឺដើម្បីធានាថាប្រព្រឹត្តកម្មរបស់អាជ្ញាធរពាក់ព័ន្ធមកលើជនដែលអាច ឬត្រូវបានដកហូតសេរីភាពស្របតាមលិខិតបទដ្ឋានជាធរមាន ហើយមន្រ្តីអនុវត្តច្បាប់ក៏ត្រូវបានគាំពារក្នុងការអនុវត្តតួនាទីរបស់ខ្លួន។
ឯកឧត្តមបានជួបសំណេះសំណាល និងពិភាក្សាការងារជាមួយលោក ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី (ទេសន្តប្រវេសន៍) អធិការដ្ឋាននគរបាលខណ្ឌ មូលដ្ឋានកងរាជអាវុធហត្ថខណ្ឌ អំពីតួនាទី ភារកិច្ចរបស់ គ.ជ.ប.ទ និងវិធានការបង្ការដើម្បីពង្រឹងកិច្ចការពារជនទាំងឡាយដែលអាច ឬត្រូវបានដកហូតសេរីភាពឱ្យរួចផុតពីទារុណកម្ម អំពើឃោរឃៅ អំពើអមនុស្សធម៌ អំពើធ្វើទុក្ខបុកម្នេញ ឬទណ្ឌកម្មឯទៀត។