|

ឯកឧត្តម សៀង ឡាប្រេស្ស អនុប្រធាន គ.ជ.ប.ទ ដឹកនាំក្រុមការងារចុះត្រួតពិនិត្យកន្លែងដកហូតសេរីភាព ក្នុងខណ្ឌឫស្សីកែវ និងខណ្ឌជ្រោយចង្វារ

កាលពីថ្ងៃទី១១-១២ ខែធ្នូ ឆ្នាំ២០២៣ ដោយទទួលបានការចាត់តាំងដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម នុត សាអាន ប្រធានគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម “គ.ជ.ប.ទ” ឯកឧត្តម សៀង ឡាប្រេស្ស អនុប្រធាន គ.ជ.ប.ទ បានដឹកនាំក្រុមការងារចុះត្រួតពិនិត្យកន្លែងដកហូតសេរីភាព នៅរាជធានីភ្នំពេញ ក្នុងខណ្ឌឫស្សីកែវ និងខណ្ឌជ្រោយចង្វារ សរុប ៤គោលដៅ។

គោលបំណងនៃទស្សនកិច្ចនេះគឺដើម្បីធានាថាប្រព្រឹត្តកម្មរបស់អាជ្ញាធរពាក់ព័ន្ធមកលើជនដែលអាច ឬត្រូវបានដកហូតសេរីភាពស្របតាមលិខិតបទដ្ឋានជាធរមាន ហើយមន្រ្តីអនុវត្តច្បាប់ក៏ត្រូវបានគាំពារក្នុងការអនុវត្តតួនាទីរបស់ខ្លួន។

ឯកឧត្តម បានជួបសំណេះសំណាល និងពិភាក្សាការងារជាមួយអធិការដ្ឋាននគរបាលខណ្ឌ មូលដ្ឋានកងរាជអាវុធហត្ថខណ្ឌ អំពីតួនាទី ភារកិច្ចរបស់ គ.ជ.ប.ទ និងវិធានការបង្ការដើម្បីពង្រឹងកិច្ចការពារជនទាំងឡាយដែលអាច ឬត្រូវបានដកហូតសេរីភាពឱ្យរួចផុតពីទារុណកម្ម អំពើឃោរឃៅ អំពើអមនុស្សធម៌ អំពើធ្វើទុក្ខបុកម្នេញ ឬទណ្ឌកម្មឯទៀត។