សន្និបាតបូកសរុបលទ្ធផលការងារអាណត្តិទី១ និងលើកទិសដៅការងារបន្តរបស់ គ.ជ.ប.ទ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ
ថ្ងៃអង្គារ ៤រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៣ គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម “គ.ជ.ប.ទ” បានរៀបចំពិធីសន្និបាតបូកសរុបលទ្ធផលការងារអាណត្តិទី១ និងលើកទិសដៅការងារបន្ត ដោយទទួលការអញ្ជើញជាគណៈអធិបតីដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ អមដោយ ឯកឧត្ដម លោកជំទាវ ឥស្សរជនមកពីក្រសួង ស្ថាប័នពាក់ព័ន្ធ ឯកឧត្តម លោកជំទាវ គណៈអភិបាលរាជធានី ខេត្ត លោកស្នងការនគរបាលរាជធានី ខេត្ត លោកមេបញ្ជាការកងរាជអាវុធហត្ថរាជធានី ខេត្ត លោកស្រី អស់លោក ប្រធានពន្ធនាគាររាជធានី ខេត្ត ប្រធានមណ្ឌលអប់រំកែប្រែទាំង៤ លោកស្រី អស់លោកជាប្រធានមន្ទីសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា លោក លោកស្រី ជាប្រធានសមាគម អង្គការមិនមែនរដ្ឋាភិបាល តំណាងការិយាល័យឧត្ដមស្នងការ អង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា សរុប ៤៧៥រូប។
កម្មវត្ថុសំខាន់ៗ ៖
ដើម្បីបង្ហាញអំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងនាមជាប្រទេសឯករាជ្យ គោរពលិទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស និងគោរពសិទ្ធិមនុស្ស។
ផ្សព្វផ្សាយរបាយការណ៍បូកសរុបលទ្ធផលការងារអាណត្តិទី១ របស់ គ.ជ.ប.ទ និងលើកទិសដៅការងារបន្ត។
ចែករំលែកបទពិសោធន៍លើការងារបង្ការ ទប់ស្កាត់ និងប្រឆាំងទារុណកម្ម រវាង គ.ជ.ប.ទ អាជ្ញាធរមានសមត្ថកិច្ច និងអង្គការមិនមែនរដ្ឋាភិបាល។
អនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម អភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ៖
ការងារចម្បងៗរបស់គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម៖
ទី១៖ បន្ដខិតខំប្រឹងប្រែងបណ្ដុះបណ្ដាល អប់រំផ្សព្វផ្សាយឱ្យបានទូលំទូលាយពីផលប៉ះពាល់ ដើម្បីលើកកម្ពស់ការយល់ដឹងបន្ថែមទៀត អំពីអនុសញ្ញាប្រឆាំងទារុណកម្ម និងពិធីសារបន្ថែម និងលិខិតតូបករណ៍អន្ដរជាតិផ្សេងៗដល់អ្នកពាក់ព័ន្ធ ពិសេសការគោរពសិទ្ធិមនុស្ស។
ទី២៖ ត្រូវត្រួតពិនិត្យ ដើម្បីតាមដានឱ្យបានទៀងទាត់កន្លែងឃុំឃាំងនានា អំពីស្ថានភាពរស់នៅរបស់ជនដែលត្រូវបានដកហូតសេរីភាព។
ទី៣៖ កសាង និងបន្តទំនាក់ទំនងល្អជិតស្និតជាមួយក្រសួង ស្ថាប័នជាតិ អង្គភាពពាក់ព័ន្ធ ទាំងថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ អង្គការសហប្រជាជាតិ សមាគម អង្គការមិនមែនរាជរដ្ឋាភិបាល និងដៃគូអភិវឌ្ឍនានា ក្នុងគោលបំណងបង្ការ ទប់ស្កាត់ការប្រព្រឹត្តអំពើខុសឆ្គងទាំងឡាយដែលមានភាពឃោរឃៅ និងអមនុស្សធម៌។
ទី៤៖ បន្ដផ្ដល់អនុសាសន៍ដល់អាជ្ញាធរពាក់ព័ន្ធ និងអង្កេតស្រាវជ្រាវករណីសង្ស័យថាមានទារុណកម្ម ទៅលើជនដែលអាច ឬត្រូវបានដកហូតសេរីភាពក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។
ទី៥៖ ត្រូវធ្វើរបាយការណ៍ប្រចាំឆ្នាំជូនដល់រាជរដ្ឋាភិបាល ចងក្រងរបាយការណ៍រយៈពេល៤ឆ្នាំម្ដងផ្ញើជូនគណៈកម្មាធិការប្រឆាំងទារុណកម្ម និងអនុគណៈកម្មការបង្ការទារុណកម្មអង្គការសហប្រជាជាតិ។
អំពីកិច្ចការងារចម្បងៗរបស់អាជ្ញាធរមានសមត្ថកិច្ច៖
ទី១៖ មន្ដ្រីនគរបាល មន្ដ្រីកងរាជអាវុធហត្ថ មន្ដ្រីយោធា មន្ដ្រីពន្ធនាគារ មន្ដ្រីសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា មន្ដ្រីសុខាភិបាល និងមន្ដ្រីផ្សេងៗទៀតដែលកំពុងមានភារកិច្ចគ្រប់គ្រងកន្លែងដកហូតសេរីភាព ត្រូវផ្ដល់កិច្ចសហការឱ្យបានទូលំទូលាយ បើកជំហរជានិច្ចមិនថាយប់ថ្ងៃ ឬថ្ងៃឈប់សម្រាក ដើម្បីសម្របសម្រួលដល់ការអនុវត្តនីតិវិធី និងភារកិច្ចរបស់ គ.ជ.ប.ទ។
ទី២៖ ត្រូវសហការបង្កលក្ខណៈងាយស្រួលដល់ គ.ជ.ប.ទ និងអនុគណៈកម្មការបង្ការទារុណកម្ម របស់អង្គការសហប្រជាជាតិ ដើម្បីបំពេញតួនាទីភារកិច្ច ក្នុងអាណត្តិការងារប្រកបដោយប្រសិទ្ធភាព។
ទី៣៖ ចំពោះការរារាំង ឬការជំទាស់នឹងការត្រួតពិនិត្យរបស់ គ.ជ.ប.ទ នៅកន្លែងឃុំឃាំងណាមួយនោះ អាចធ្វើទៅបានដោយមូលហេតុ នៃការការពារជាតិ សន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈ គ្រោះមហន្ដរាយធម្មជាតិ ចលាចលធ្ងន់ធ្ងរនៅកន្លែងឃុំឃាំង តែប៉ុណ្ណោះ។
ចំពោះក្រមសីលធម៌មន្ដ្រីអនុវត្តច្បាប់៖
ទី១៖ ត្រូវបំពេញភារកិច្ចរបស់ខ្លួនឱ្យបានត្រឹមត្រូវតាមច្បាប់ដែលបានកំណត់ ការពារសេចក្ដីថ្លៃថ្នូររបស់មនុស្ស ព្រមទាំងរក្សា លើកកម្ពស់ លើកស្ទួយសិទ្ធិមនុស្សគ្រប់រូប។
ទី២៖ អាចប្រើប្រាស់កម្លាំងបានក្នុងករណីចាំបាច់បំផុត ឬនៅកាលៈទេសៈសមស្រប ដើម្បីទប់ស្កាត់បទល្មើស។
ទី៣៖ មិនត្រូវប្រព្រឹត្តអំពើពុករលួយជាដាច់ខាត ហើយត្រូវប្រយុទ្ធប្រឆាំងអំពើពុករលួយឱ្យបានខ្លាំងក្លាបន្ថែមទៀត៕