ព្រះរាជក្រឹត្យបង្កើត គ.ជ.ប.ទ មានចែងអំពីតួនាទីភារកិច្ច និងសិទ្ធិអំណាចរបស់ស្ថាប័នមួយនេះ ដែលការងារសំខាន់មួយចំនួនដូចជា៖
- ត្រួតពិនិត្យ កន្លែងដកហូតសេរីភាពទូទាំងប្រទេស ទាំងរដ្ឋ និងឯកជន
- អង្កេត ស្រាវជ្រាវករណីសង្ស័យថាមានទារុណកម្ម
- រៀបចំរបាយការណ៍ និងផ្តល់អនុសាសន៍ដល់អាជ្ញាធរ ពាក់ព័ន្ធ
- ផ្តល់ជំនួយផ្នែកច្បាប់ដល់ជនរងគ្រោះដោយទារុណកម្ម
- អង្កេត និងលើកយោបល់លើច្បាប់លិខិតបទដ្ឋានពាក់ព័ន្ធ
- បណ្តុះបណ្តាល និងអប់រំផ្សព្វផ្សាយដល់អាជ្ញាធរ មានសមត្ថកិច្ច និងសាធារណៈជន
- ទំនាក់ទំនងជាមួយអង្គភាពពាក់ព័ន្ធ របស់អង្គការសហប្រជាជាតិ
- រៀបចំរបាយការណ៍ជាតិស្តីពី ប្រព្រឹត្តិកម្មលើជនដែលត្រូវបានដកហូតសេរីភាព
គោលបំណងនៃសកម្មភាពទាំងនេះគឺដើម្បី លើកកម្ពស់ការទទួលខុសត្រូវ របស់អាជ្ញាធរមានសមត្ថកិច្ច សំដៅបង្ការ ទប់ស្កាត់ ប្រឆាំងទារុណកម្ម។ ការប្រើប្រាស់សិទ្ធិអំណាចរបស់គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម មិនត្រូវឱ្យប៉ះពាល់ដល់ អំណាចរបស់តុលាការឡើយ។ ធនធានសម្រាប់ដំណើរការការងាររបស់ គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម ផ្គត់ផ្គង់ដោយថវិកាជាតិ ដែលជាកញ្ចប់ថវិកាដោយឡែករបស់ក្រសួងមហាផ្ទៃ។ គណៈ-កម្មាធិការជាតិប្រឆាំងទារុណកម្ម មានលេខាធិការដ្ឋានមួយជាសេនាធិការ ដើម្បីជួយបំពេញការងារប្រចាំថ្ងៃ។