| | | |

គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម គ.ជ.ប.ទ បានរៀបចំកម្មវិធី ប្រគល់វិញ្ញាបនបត្រវគ្គបណ្តុះបណ្តាល ស្ដីពី “បច្ចេកទេសស៊ើបអង្កេត” ជូនដល់ថា្នក់ដឹកនាំ និងមន្ត្រី នៃលេខាធិការដ្ឋាន គ.ជ.ប.ទ

នារសៀលថ្ងៃសុក្រ ១កើត ខែកក្តិក ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤

គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម គ.ជ.ប.ទ បានរៀបចំកម្មវិធី ប្រគល់វិញ្ញាបនបត្រវគ្គបណ្តុះបណ្តាល ស្ដីពី “បច្ចេកទេសស៊ើបអង្កេត” ជូនដល់ថា្នក់ដឹកនាំ និងមន្ត្រី នៃលេខាធិការដ្ឋាន គ.ជ.ប.ទ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នុត សាអាន ប្រធានគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម អមដោយ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ គ.ជ.ប.ទ និងលោកមេធាវី សុក សំអឿន វាគ្មិនបណ្តុះបណ្តាល ជាប្រធានក្រុមអ្នកច្បាប់ និងទីប្រឹក្សាអមរិន្ទ ជាគណៈអធិបតី។

ជាកិច្ចចាប់ផ្តើម ឯកឧត្តម នុត សត្យា ប្រធានលេខាធិការដ្ឋាន គ.ជ.ប.ទ បានអានរបាយការណ៍ស្តីពីលទ្ធផលវគ្គបណ្តុះបណ្តាល។ ជាកិច្ចបន្ទាប់ លោក មេធាវី សុក សំអឿន បានមានចំណាប់អារម្មណ៍ចំពោះវគ្គបណ្តុះបណ្តាលនេះ។ បន្ទាប់មក តំណាងសិក្ខាកាមនៃវគ្គបានឡើងធ្វើការប្ដេជ្ញាចិត្ត។

ជាចុងក្រោយ ឯកឧត្តម ប្រធានគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម មានមតិសំណេះសំណាល និងផ្តាំផ្ញើដល់សិក្ខាកាមដែលបានបញ្ចប់វគ្គដោយជោគជ័យ និងយកចំណេះជំនាញទាំងនោះទៅអនុវត្តតាមវិជ្ជាជីវៈ និងការទទួលខុសត្រូវ ដើម្បីរួមចំណែកបង្ការ ទប់ស្កាត់ និងប្រឆាំងទារុណកម្ម។

ក្នុងឱកាសនោះដែរ ឯកឧត្តមប្រធាន គ.ជ.ប.ទ ក៏បានថ្លែងអំណរគុណ និងកោតសរសើរដល់លោកមេធាវី សុក សំអឿន ដែលបានខិតខំប្រឹងប្រែង បង្ហាត់បង្រៀន និងចែករំលែកចំណេះដឹង និងបទពិសោធន៍ដល់ ថ្នាក់ដឹកនាំ និងមន្ត្រីលេខាធិការដ្ឋាន។ ឯកឧត្តម ក៏បានសំណូមពរដល់លោកមេធាវី បន្តផ្តល់ការគាំទ្របន្ថែមទៀត។

ជាចុងបញ្ចប់ ឯកឧត្តមប្រធាន គ.ជ.ប.ទ បានផ្តល់កិច្ចកិត្តិយសដល់សិក្ខាកាម ប្រគល់វិញ្ញាបនបត្រដល់ថ្នាក់ដឹកនាំ និងមន្ត្រី លេខាធិការដ្ឋាន ចំនួន ៣១រូប ដែលបានបញ្ចប់វគ្គដោយជោគជ័យ និងថតរូបជាអនុស្សាវរីយ៍។