លោកជំទាវ សាខឿន សាវ៉ាតឌី បានដឹកនាំគណៈប្រតិភូដើម្បីបើកកិច្ចត្រួតពិនិត្យកន្លែងដកហូតសេរីភាព នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង និងការអនុវត្តច្បាប់លើជនត្រូវបានដកហូតសេរីភាព
នៅរសៀលថ្ងៃចន្ទ ១៥រោច ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹង ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥
លោកជំទាវ សាខឿន សាវ៉ាតឌី សមាជិក គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម “គ.ជ.ប.ទ” ដោយអនុវត្តន៍តាមការចាត់តាំងដ៍ខ្ពង់ខ្ពស់របស់ ឯកឧត្តមប្រធាន គ.ជ.ប.ទ បានដឹកនាំគណៈប្រតិភូដើម្បីបើកកិច្ចត្រួតពិនិត្យកន្លែងដកហូតសេរីភាព នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង និងការអនុវត្តច្បាប់លើជនត្រូវបានដកហូតសេរីភាព។
ក្រៅពីជួបសំណេះសំណាលពិភាក្សាការងារចែករំលែកបទពិសោធន៍ ជាមួយលោកឧត្តមសេនីយ៍ត្រី ប៉ុល វុទ្ធី ស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង និងមន្រ្តីនគរបាលពាក់ព័ន្ធ គណៈប្រតិភូបានផ្សព្វផ្សាយអំពីតួនាទី ភារកិច្ចរបស់ គ.ជ.ប.ទ និងគោលការណ៍សិទ្ធិមនុស្សមួយចំនួនលើការងារបង្ការ ទប់ស្កាត់ និងប្រឆាំងទារុណកម្ម និងអំពើមិនគប្បីគ្រប់ទម្រង់។
បន្ទាប់មក លោកជំទាវ ក៏បានអញ្ចើញត្រួតពិនិត្យដោយផ្ទាល់នូវហេដ្ឋារចនាសម្ព័ន្ធ សម្ភារៈបរិក្ខារ បន្ទប់ឃាត់ខ្លួន បន្ទប់សួរយកចម្លើយ ស្ថានភាពជនត្រូវបានដកហូតសេរីភាព ស្ថានភាពមន្រ្តី និងជួបសម្ភាសន៍មន្រ្តីជំនាញពាក់ព័ន្ធ និងជនត្រូវបានដកហូតសេរីភាព ដើម្បីស្វែងយល់ពីបញ្ហាប្រឈម ចំណុចខ្លាំង/ខ្សោយ លទ្ធផលនានារបស់ស្នងការដ្ឋាននគរបាលខេត្ត។
ឆ្លៀតឱកាសនេះដែរ លោកជំទាវ បានកោតសរសើចំពោះកិច្ចខិតខំអនុវត្តតួនាទី ភារកិច្ចរបស់មន្រ្តីនគរបាលខេត្ត និងការផ្ដល់កិច្ចសហការល្អជាមួយ គ.ជ.ប.ទ កន្លងមក។ លោកជំទាវ បានផ្ដល់អនុសាសន៍ជាបឋមមួយចំនួន ក្នុងន័យធ្វើឱ្យប្រសើរឡើងនូវប្រព្រឹត្តកម្មរបស់អាជ្ញាធរលើជនដែលអាច ឬត្រូវបានដកហូតសេរីភាព។