លេខាធិការដ្ឋាន គ.ជ.ប.ទ បានរៀបចំកិច្ចប្រជុំស្តីពី ការបូកសរុបលទ្ធផលការងារឆមាសទី១ និងលើកទិសដៅអនុវត្តការងារបន្តឆមាសទី២ ឆ្នាំ២០២៥
នាព្រឹកថ្ងៃព្រហស្បតិ៍ ១៤រោច ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ លេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម គ.ជ.ប.ទ បានរៀបចំកិច្ចប្រជុំស្តីពី ការបូកសរុបលទ្ធផលការងារឆមាសទី១ និងលើកទិសដៅអនុវត្តការងារបន្តឆមាសទី២ ឆ្នាំ២០២៥ របស់លេខាធិការដ្ឋាន គ.ជ.ប.ទ ក្រោមអធិបតីភាព ឯកឧត្តម នុត សត្យា ប្រធានលេខាធិការដ្ឋាន គ.ជ.ប.ទ ដោយមានការចូលរួមពី លោក លោកស្រីជាមន្រ្តីរាជការចំណុះលេខាធិការដ្ឋាន។
ឯកឧត្តម បានណែនាំអំពីការងារជំនាញទៅផ្នែកទាំងបួន និងការិយាល័យចំណុះ ហើយបានផ្តល់អនុសាសន៍ ក្នុងការអនុវត្តការងារប្រកបដោយស្មារតីទទួលខុសត្រូវ មានទំនាក់ទំនងការងារល្អ។ ទន្ទឹមនេះត្រូវធ្វើការតាមដានត្រួតពិនិត្យការអនុវត្តការងារទាំងអស់គ្នា និងបង្កើតគំនិតថ្មីៗដើម្បីជួយដល់អង្គភាពឲ្យបានល្អប្រសើរ។
ឯកឧត្តម ក៏បានប្រគល់បណ្ណសរសើរជូនដល់មន្រ្តីដែលបានខិតខំ ប្រឹងប្រែងអនុវត្តតួនាទី ភារកិច្ច សម្រេចបានលទ្ធផលល្អប្រសើរជូនអង្គភាព។
ជាទីបញ្ចប់ ឯកឧត្តម បានផ្ដល់ការណែនាំដល់មន្រ្តីទាំងអស់ ត្រូវគោរពវិន័យ គោលការណ៍ បទបញ្ជាផ្ទៃក្នុងរបស់អង្គភាព មានសាមគ្គីភាពផ្ទៃក្នុងល្អ យកចិត្តទុកដាក់ ស្មោះត្រង់ និងខិតខំពង្រឹងសមត្ថភាពផ្ទាល់ខ្លួន។