| | |

ឯកឧត្តម ម៉ក់ សម្បត្តិ អនុប្រធាន “គ.ជ.ប.ទ” បានដឹកនាំគណៈប្រតិភូ ដើម្បីចុះត្រួតពិនិត្យនៅស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី

ព្រឹកថ្ងៃព្រហស្បតិ៍ ១៤កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹង ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦

ដោយអនុវត្តតាមការចាត់តាំងរបស់ ឯកឧត្តម សៀង ឡាប្រេស្ស ប្រធានគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម “គ.ជ.ប.ទ” ឯកឧត្តម ម៉ក់ សម្បត្តិ អនុប្រធាន “គ.ជ.ប.ទ” បានដឹកនាំគណៈប្រតិភូ ដើម្បីចុះត្រួតពិនិត្យកន្លែងដកហូតសេរីភាពក្នុងខេត្តមណ្ឌលគិរី។

ក្នុងនោះដែរ ឯកឧត្តម បានដឹកនាំក្រុមការងារចុះត្រួតពិនិត្យនៅស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី និងជួបសំណេះសំណាលពិភាក្សាការងារជាមួយ លោកឧត្តមសេនីយ៍ត្រី ឡេង សោភ័ណ្ឌ ស្នងការរង តំណាង លោកឧត្តមសេនីយ៍ទោ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី និងមានការចូលរួមពីមន្រ្តីជំនាញពាក់ព័ន្ធមួយចំនួនផងដែរ។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម បានផ្សព្វផ្សាយអំពីគោលការណ៍ស្តីពីសិទ្ធិមនុស្សក្នុងន័យបង្ការ ទប់ស្កាត់ និងប្រឆាំងទារុណកម្ម និងអំពើមិនគប្បីគ្រប់ទម្រង់ ជាពិសេសស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់សិទ្ធិមនុស្ស និងពង្រឹងនីតិរដ្ឋនៅកម្ពុជា។

ជាកិច្ចបន្ត ឯកឧត្តម និងក្រុមការងារ ក៏បានអញ្ចើញត្រួតពិនិត្យដោយផ្ទាល់នូវហេដ្ឋារចនាសម្ព័ន្ធ សម្ភារៈបរិក្ខារ ឯកសារកំណត់ហេតុ ស្ថានភាពបន្ទប់ឃាត់ខ្លួន បន្ទប់សួរយកចម្លើយ ស្ថានភាពមន្រ្តីអាជ្ញាធរក្នុងការអនុវត្តលើជនដែលអាចឬត្រូវបានដក់ហូតសេរីភាព ជួបសម្ភាសន៍មន្រ្តីជំនាញពាក់ព័ន្ធ ដើម្បីដឹងពីបញ្ហាប្រឈមពិតប្រាកដ និងភាពជាក់ស្តែង ក៏ដូចជាលទ្ធផលសម្រេចបាននានារបស់ស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរីផងដែរ។

ជាកិច្ចបញ្ចប់ ឯកឧត្តម ប្រធានក្រុមការងារ បានផ្ដល់អនុសាសន៍ណែនាំកែលម្អមួយចំនួនដល់ស្នងការដ្ឋាននគរបាលខេត្ត ដែលបាននិងកំពុងអនុវត្តបានល្អប្រសើរ និងមួយចំនួនទៀតត្រូវពង្រឹងបន្ថែមដើម្បីកែសម្រួល ក្នុងន័យធ្វើឱ្យប្រសើរឡើងនូវប្រព្រឹត្តកម្មរបស់អាជ្ញាធរលើជនដែលអាច ឬត្រូវបានដកហូតសេរីភាព។