| | | |

ឯកឧត្តម កែវ តារាពង្ស បានដឹកនាំគណៈប្រតិភូដើម្បីបើកការចុះត្រួតពិនិត្យកន្លែងដកហូតសេរីភាព នៃមជ្ឈមណ្ឌលជាតិព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន

នាព្រឹកថ្ងៃសុក្រ ៣កើត ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹង ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥

ឯកឧត្តម កែវ តារាពង្ស អនុប្រធានគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម “គ.ជ.ប.ទ” ដោយអនុវត្តន៍តាមការចាត់តាំងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមប្រធាន “គ.ជ.ប.ទ” បានដឹកនាំគណៈប្រតិភូ ដើម្បីបើកការចុះត្រួតពិនិត្យកន្លែងដកហូតសេរីភាព នៃមជ្ឈមណ្ឌលជាតិព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន និងការអនុវត្តច្បាប់លើជនត្រូវបានដកហូតសេរីភាព។

ក្រៅពីជួបសំណេះសំណាលពិភាក្សាការងារចែករំលែកបទពិសោធន៍ ជាមួយ លោក រឿន រិទ្ធីដែត ប្រធានមជ្ឈមណ្ឌលជាតិព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន និងមន្រ្តីពាក់ព័ន្ធ គណៈប្រតិភូបានផ្សព្វផ្សាយអំពី តួនាទី ភារកិច្ចរបស់ គ.ជ.ប.ទ និងគោលការណ៍សិទ្ធិមនុស្សមួយចំនួនលើការងារបង្ការ ទប់ស្កាត់ និងប្រឆាំងទារុណកម្ម និងអំពើមិនគប្បីគ្រប់ទម្រង់។

បន្ទាប់មក ឯកឧត្តម ក៏បានអញ្ចើញត្រួតពិនិត្យដោយផ្ទាល់នូវហេដ្ឋារចនាសម្ព័ន្ធ សម្ភារៈបរិក្ខារ ឯកសារកំណត់ហេតុ បន្ទប់ស្នាក់នៅ ស្ថានភាពមន្រ្តី ជួបសម្ភាសន៍មន្រ្តីជំនាញពាក់ព័ន្ធ ដើម្បីស្វែងយល់ពីបញ្ហាប្រឈម លទ្ធផលសម្រេចបាននានារបស់មជ្ឈមណ្ឌល។

ឆ្លៀតឱកាសនេះដែរ ឯកឧត្តម បានកោតសរសើរចំពោះកិច្ចខិតខំអនុវត្ត តួនាទី ភារកិច្ចរបស់មន្រ្តីមជ្ឈមណ្ឌល និងការផ្ដល់កិច្ចសហការល្អជាមួយ គ.ជ.ប.ទ កន្លងមក។ ឯកឧត្តម បានផ្ដល់អនុសាសន៍ជាបឋមមួយចំនួន ក្នុងន័យធ្វើឱ្យប្រសើរឡើងនូវប្រព្រឹត្តកម្មរបស់អាជ្ញាធរលើជនដែលអាច ឬត្រូវបានដកហូតសេរីភាព។