| | |

កិច្ចប្រជុំពិនិត្យលទ្ធផលការងារប្រចាំខែកុម្ភៈ ឆ្នាំ២០២៦ របស់លេខាធិការដ្ឋាន គ.ជ.ប.ទ ក្រោមអធិបតីភាព ឯកឧត្តម សៀង ឡាប្រេស្ស ប្រធាន “គ.ជ.ប.ទ”

នាព្រឹកថ្ងៃសុក្រ ៣រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី ៦ ខែមីនា ឆ្នាំ២០២៦

គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម “គ.ជ.ប.ទ” បានរៀបចំ កិច្ចប្រជុំពិនិត្យលទ្ធផលការងារប្រចាំខែកុម្ភៈ ឆ្នាំ២០២៦ របស់លេខាធិការដ្ឋាន គ.ជ.ប.ទ ក្រោមអធិបតីភាព ឯកឧត្តម សៀង ឡាប្រេស្ស ប្រធាន “គ.ជ.ប.ទ” ដោយមានការចូលរួមពី ឯកឧត្តម អនុប្រធាន “គ.ជ.ប.ទ” ឯកឧត្តម លោកជំទាវ សមាជិក “គ.ជ.ប.ទ” ឯកឧត្តម​ប្រធានលេខាធិការដ្ឋាន “គ.ជ.ប.ទ” ថ្នាក់ដឹកនាំ និងមន្រ្តីចំណុះលេខាធិការដ្ឋាន គ.ជ.ប.ទ។

ឯកឧត្តម ប្រធានលេខាធិការដ្ឋាន “គ.ជ.ប.ទ” បានរាយការណ៍អំពីលទ្ធផលការងារសម្រេចបាននៅក្នុងខែកុម្ភៈ និងទិសដៅការងារសម្រាប់អនុវត្តបន្តនាពេលខាងមុខ ជូនគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម។

បន្ទាប់មក ឯកឧត្តម ប្រធាន “គ.ជ.ប.ទ” បានកោតសរសើរពីលទ្ធផលដែលបានសម្រេចកន្លងមក និងបានធ្វើការណែនាំដល់លេខាធិការដ្ឋានត្រូវយកចិត្តទុកដាក់សម្របសម្រួល និងដោះស្រាយបញ្ហាប្រឈមឱ្យបានទាន់ពេលវេលា ចំពោះទិសដៅបន្ត ត្រូវអនុវត្តឱ្យចេញជារូបរាង និងលទ្ធផលជាបន្តបន្ទាប់នាពេលខាងមុខនេះ។

ជាទីបញ្ចប់ ឯកឧត្តមប្រធាន បានធ្វើការផ្តាំផ្ញើដល់ថ្នាក់ដឹកនាំ និងមន្រ្តីលេខាធិការដ្ឋាន “គ.ជ.ប.ទ” ទាំងអស់ឱ្យបន្តរក្សាស្មារតីទទួលខុសត្រូវ ជាពិសេសការអនុវត្តភារកិច្ចឱ្យសមស្របតាមច្បាប់ គោលការណ៍ និងផែនការដែលបានកំណត់។ ការមានវិន័យក្នុងការងារ មានសីលធម៌ល្អក្នុងការនិយាយស្តីណែនាំគ្នា គឺគ្រឹះសំខាន់ក្នុងការសាមគ្គីភាព និងជំរុញការអនុវត្តការងារប្រព្រឹត្តទៅដោយរលូន និងមានប្រសិទ្ធភាពខ្ពស់។