| | | | |

លេខាធិការដ្ឋាន “គ.ជ.ប.ទ” បានរៀបចំកម្មវិធីធ្វើបទបង្ហាញលើ ២ប្រធានបទស្តីពី ១.Nelson Mandela Rules ២.The Mendez Principles

នាព្រឹកថ្ងៃព្រហស្បតិ៍ ១កើត ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី ១៩ ខែមីនា ឆ្នាំ២០២៦

លេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម បានរៀបចំកម្មវិធីធ្វើបទបង្ហាញលើ ២ប្រធានបទស្តីពី ១.វិធានអង្គការសហប្រជាជាតិ ស្តីពីបទដ្ឋានអប្បបរមា សម្រាប់ការប្រព្រឹត្តលើជនជាប់ឃុំ ( Nelson Mandela Rules) ២.គោលការណ៍នៃការសម្ភាសន៍ប្រកបដោយប្រសិទ្ធភាព ដើម្បីគាំទ្រការស៊ើបអង្កេត និងការប្រមូលព័ត៌មាន (The Mendez Principles) សម្រាប់បើកវគ្គបណ្តុះបណ្តាល និងអប់រំផ្សព្វផ្សាយតាមបណ្តាលរាជធានី ខេត្ត ឆ្នាំ២០២៦ ក្រោមអធិបតីភាព ឯកឧត្តម សៀង ឡាប្រេស្ស ប្រធាន “គ.ជ.ប.ទ” ដោយមានការចូលរួមពី ឯកឧត្តម អនុប្រធាន “គ.ជ.ប.ទ” ឯកឧត្តម លោកជំទាវ សមាជិក “គ.ជ.ប.ទ” ឯកឧត្តម​ប្រធានលេខាធិការដ្ឋាន “គ.ជ.ប.ទ” ថ្នាក់ដឹកនាំ និងមន្រ្តីចំណុះលេខាធិការដ្ឋាន គ.ជ.ប.ទ។

ការរៀបចំកម្មវិធីធ្វើបទបង្ហាញលើប្រធានបទទាំងពីរនេះ គឺដើម្បីជូនថ្នាក់ដឹកនាំ គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម ពិនិត្យ និងមានយោបល់សម្រាប់បំពេញបន្ថែមលើចំណុចដែលខ្វះខាត ដើម្បីយកទៅបើកវគ្គបណ្តុះបណ្តាល និងអប់រំផ្សព្វផ្សាយដល់អាជ្ញាធរមានសមត្ថកិច្ចគ្រប់គ្រងកន្លែងដកហូតសេរីភាពតាមបណ្តារាជធានី ខេត្ត នាពេលខាងមុខ។ អង្គប្រជុំបានផ្តល់ធាតុចូលសំខាន់ៗជាច្រើន សម្រាប់ប្រធានបទទាំងពីរខាងលើផងដែរ។

ជាកិច្ចបញ្ចប់ ឯកឧត្តម សៀង ឡាប្រេស្ស ប្រធានគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម បានថ្លែងអំណរគុណ និងកោតសរសើរចំពោះការរៀបចំកម្មវិធីនេះឡើង និងបានបញ្ជាក់ថា កម្មវិធីព្រឹកនេះ គឺជាវេទិកាដ៏សំខាន់សម្រាប់ការពិភាក្សា និងកែលម្អ លើប្រធានបទទាំងពីរ របស់ គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម ឱ្យកាន់តែមានប្រសិទ្ធភាពស្របតាមស្តង់ដារជាតិ និងអន្តរជាតិ។