| | |

កិច្ចប្រជុំស្តីពី ការពិភាក្សាការអនុវត្តគោលការណ៍ណែនាំតម្រង់ទិស ៨ ចំណុចរបស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ក្រោមអធិបតីភាព ឯកឧត្តម សៀង ឡាប្រេស្ស “គ.ជ.ប.ទ”

នាព្រឹកថ្ងៃពុធ ៩រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ២០២៦ គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម បានរៀបចំកិច្ចប្រជុំស្តីពី ការពិភាក្សាការអនុវត្តគោលការណ៍ណែនាំតម្រង់ទិស ៨ ចំណុចរបស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ក្រោមអធិបតីភាព ឯកឧត្តម សៀង ឡាប្រេស្ស ប្រធានគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម “គ.ជ.ប.ទ” ដោយមានការចូលរួមពី ឯកឧត្តម អនុប្រធាន គ.ជ.ប.ទ ឯកឧត្តម លោកជំទាវ សមាជិក គ.ជ.ប.ទ ឯកឧត្តមប្រធានលេខាធិការដ្ឋាន លោកអនុប្រធានលេខាធិការដ្ឋាន និងលោកប្រធានផ្នែក ចំណុះលេខាធិការដ្ឋាន គ.ជ.ប.ទ។

គោលការណ៍ណែនាំតម្រង់ទិស ៨ ចំណុច របស់ ឯកឧត្តមអភិសន្តិបណ្ឌិត ចំពោះគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម រួមមាន៖

១-ត្រូវបន្តខិតខំបើកវគ្គបណ្តុះបណ្តាល និងអប់រំផ្សព្វផ្សាយឲ្យអស់លទ្ធភាព។

២-ត្រូវបន្តចុះត្រួតពិនិត្យឱ្យបានទៀងទាត់តាមកន្លែងឃុំឃាំងនានាអំពី ស្ថានភាពរស់នៅរបស់ជនដែលត្រូវបានដកហូតសេរីភាព។

៣-ត្រូវផ្ដល់អនុសាសន៍ដល់អាជ្ញាធរពាក់ព័ន្ធលើការត្រួតពិនិត្យតាមផែនការ ការអង្កេត ស្រាវជ្រាវករណីសង្ស័យថាមានទារុណកម្ម ការអនុវត្ត របស់អាជ្ញាធរមានសមត្ថកិច្ចប្រព្រឹត្តមកលើជនដែលអាច ឬត្រូវបានដកហូតសេរីភាព។

៤-ត្រូវពង្រឹងការរៀបចំរបាយការណ៍ជូនរាជរដ្ឋាភិបាល និងអនុគណៈកម្មាធិការបង្ការទារុណកម្មរបស់អង្គការសហប្រជាជាតិឱ្យបានទៀងទាត់តាមប្រតិទិនកំណត់។

៥-ត្រូវរៀបចំកិច្ចប្រជុំប្រចាំខែ ត្រីមាស និងតាមការ ចាំបាច់ ជាពិសេសផ្តោតលើជំរុញការប្រើប្រាស់ប្រព័ន្ធឌីជីថល និងគ្រប់គ្រងទិន្នន័យជនរងគ្រោះតាមប្រព័ន្ធឌីជីថល ដើម្បីពង្រឹងប្រព័ន្ធតាមដាន វាយតម្លៃ។

៦-ត្រូវកសាងទំនាក់ទំនងល្អនិងជិតស្និទ្ធជាមួយ ក្រសួង ស្ថាប័នថ្នាក់ជាតិ ពិសេសស្ថាប័នថ្នាក់ក្រោមជាតិ ដែលមានសមត្ថកិច្ចគ្រប់គ្រងកន្លែងឃុំឃាំងនានា។

៧-ត្រូវពង្រឹងការគ្រប់គ្រង និងអនុវត្តតួនាទីភារកិច្ច ឱ្យបានត្រឹមត្រូវ ដើម្បីចុះអន្តរាគមន៍ ស៊ើបអង្កេត ស្រាវជ្រាវលើករណីសង្ស័យថា មានទារុណកម្ម។

៨-ត្រូវបន្តសហការល្អជាមួយអង្គភាពពាក់ព័ន្ធនានា របស់អង្គការសហប្រជាជាតិ សមាគម អង្គការមិនមែនរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍នានា ដើម្បីអភិវឌ្ឍសមត្ថភាពបន្ថែមទៀតឱ្យស្របតាមការវិវត្ដថ្មីៗពាក់ព័ន្ធនឹងការងារប្រឆាំងទារុណកម្ម។

ជាចុងបញ្ចប់ ឯកឧត្តមប្រធាន គ.ជ.ប.ទ បានប្រគល់ត្រាជូនលេខាធិការដ្ឋាន សម្រាប់ការអនុវត្តការងារ និងមតិផ្ដាំផ្ញើសូមឱ្យមន្រ្តីទាំងអស់មានសាមគ្គីភាព ការទទួលខុសត្រូវការងារ ជាពិសេសចូលរួមអនុវវត្តការងារទៅមុខប្រកបដោយប្រសិទ្ធភាពខ្ពស់។