| | |

លោក វ៉ឺក ចំរើន អនុប្រធានលេខាធិការដ្ឋាន “គ.ជ.ប.ទ” បានដឹកនាំមន្រ្តីលេខាធិការដ្ឋាន “គ.ជ.ប.ទ” អញ្ជើញចូលរួមពិធីបុណ្យ វិសាខបូជា

ព្រឹកថ្ងៃសុក្រ ១៥កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦

ដោយអនុវត្តតាមការចាត់តាំងរបស់ ឯកឧត្តម សៀង ឡាប្រេស្ស ប្រធានគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម “គ.ជ.ប.ទ” លោក វ៉ឺក ចំរើន អនុប្រធានលេខាធិការដ្ឋាន “គ.ជ.ប.ទ” បានដឹកនាំមន្រ្តីលេខាធិការដ្ឋាន “គ.ជ.ប.ទ” អញ្ជើញចូលរួមពិធីបុណ្យ វិសាខបូជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់ ឯកឧត្តម ហ៊ី សោភា ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ និង លោកជំទាវ នៅ បរិវេណ ឧបដ្ឋានសាលាបុណ្យចំពីមុខព្រះមហាសក្យមុនីចេតិយភ្នំព្រះរាជទ្រព្យ (ភ្នំឧត្តុង្គ) ស្ថិតក្នុងស្រុកពញាឮ ខេត្តកណ្តាល។

ក្នុងពិធីនោះដែរក៏មានការយាង និមន្តអញ្ជើញចូលរួមពី សម្តេចព្រះសង្ឃរាជទាំងពីរគណៈ មន្រ្តីអ្នកមុខអ្នកការ និងប្រជាពលរដ្ឋ ពុទ្ធបរិស័ទ មកពីទីជិត ឆ្ងាយ យ៉ាងច្រើនកុះករ។ ក្នុងឱកាសនោះ ឯកឧត្តម និងមន្រ្តីក្រោមឱវាទក៏បានរាប់បាត្រព្រះសង្ឃដើម្បីឧទ្ទិសកុសលផលបុណ្យ សូមឲ្យព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ តាមឃុំគ្រង ថែរក្សាយើងទាំងអស់គ្នាជួបតែសេចក្តីសុខ សេចក្តីចម្រើនជារៀងរហូត បន្តរស់នៅក្រោមម្លប់សន្តិភាពជារៀងតទៅ។

អនុមោទនា ថ្ងៃបុណ្យវិសាខបូជា ថ្ងៃ១៥កើត ខែពិសាខ នេះ គឺជាថ្ងៃបុណ្យវិសាខបូជា មិនថាតែនៅកម្ពុជាទេគឺនៅថ្ងៃនេះពុទ្ធសាសនិកជនទូទាំងពិភពលោក ក៏បាននាំគ្នាប្រារព្ធពិធីបុណ្យសាសនា ដ៏សំខាន់ខាងលើនេះផងដែរ។

វិសាខបូជា ជាពិធីបុណ្យដ៏សំខាន់មួយនៅក្នុងព្រះពុទ្ធសាសនា ដែលត្រូវបានអង្គការ សហប្រជាជាតិទទួលស្គាល់ថា ជាទិវាបុណ្យវិសាខបូជាអន្ដរជាតិ នៅឆ្នាំ១៩៩៩ ដោយអនុញ្ញាតឱ្យមានការរៀបចំពិធីបុណ្យនេះ នៅស្នាក់ការអង្គការ សហប្រជាជាតិផ្ទាល់តែម្ដង។ ពុទ្ធសាសនិកទូទាំងពិភពលោក បានរៀបចំពិធីបុណ្យ នេះទៅតាមប្រពៃណីប្រទេសនីមួយៗ។

សូមអនុមោទនាបុណ្យវិសាខបូជា