កិច្ចប្រជុំ ដើម្បីស្តាប់របាយការណ៍លទ្ធផលការងារប្រចាំខែមេសា ឆ្នាំ២០២៦ របស់លេខាធិការដ្ឋាន “គ.ជ.ប.ទ” ក្រោមអធិបតីភាព ឯកឧត្តម សៀង ឡាប្រេស្ស ប្រធាន “គ.ជ.ប.ទ”
នាព្រឹកថ្ងៃសុក្រ ៧រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី ៨ ខែឧសភា ឆ្នាំ២០២៦
គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម “គ.ជ.ប.ទ” បានរៀបចំកិច្ចប្រជុំ ដើម្បីស្តាប់របាយការណ៍លទ្ធផលការងារប្រចាំខែមេសា ឆ្នាំ២០២៦ របស់លេខាធិការដ្ឋាន “គ.ជ.ប.ទ” ក្រោមអធិបតីភាព ឯកឧត្តម សៀង ឡាប្រេស្ស ប្រធាន “គ.ជ.ប.ទ” ដោយមានការចូលរួមពី ឯកឧត្តម អនុប្រធាន “គ.ជ.ប.ទ” ឯកឧត្តម លោកជំទាវ សមាជិក “គ.ជ.ប.ទ” ឯកឧត្តមប្រធានលេខាធិការដ្ឋាន “គ.ជ.ប.ទ” ថ្នាក់ដឹកនាំ និងមន្រ្តីចំណុះលេខាធិការដ្ឋាន គ.ជ.ប.ទ។
ជាកិច្ចចាប់ផ្តើម ឯកឧត្តម សៀង ឡាប្រេស្ស ប្រធាន “គ.ជ.ប.ទ” បានមានប្រសាសន៍ថា កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីស្តាប់អំពីលទ្ធផលការអនុវត្តការងាររបស់លេខាដ្ឋាន “គ.ជ.ប.ទ” និងផ្នែកពាក់ពាក់ព័ន្ធក្នុងខែមេសា កន្លងមក ព្រមទាំងពិនិត្យវាយតម្លៃ និងពិភាក្សាពីបញ្ហាប្រឈម និងចំណុចខ្វះខាតមួយចំនួន ដើម្បីស្វែងរកដំណោះស្រាយសមស្រប ដើម្បីដាក់ចេញជាទិសដៅខែបន្ទាប់។
ជាកិច្ចបន្ទាប់ ឯកឧត្តម ប្រធានលេខាធិការដ្ឋាន “គ.ជ.ប.ទ” បានរាយការណ៍អំពីលទ្ធផលការងារសម្រេចបាននៅក្នុងខែមេសា ឆ្នាំ២០២៦ និងទិសដៅការងារសម្រាប់អនុវត្តបន្តនាពេលខាងមុខ ជូនគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម។
ឯកឧត្តម ប្រធាន “គ.ជ.ប.ទ” បានកោតសរសើរពីលទ្ធផលដែលបានសម្រេចកន្លងមក និងបានធ្វើការណែនាំដល់លេខាធិការដ្ឋានត្រូវយកចិត្តទុកដាក់សម្របសម្រួល និងដោះស្រាយបញ្ហាប្រឈមឱ្យបានទាន់ពេលវេលា ចំពោះទិសដៅបន្ត ត្រូវអនុវត្តឱ្យចេញជារូបរាង និងលទ្ធផលជាបន្តបន្ទាប់នាពេលខាងមុខនេះ។
ជាទីបញ្ចប់ ឯកឧត្តមប្រធាន បានធ្វើការផ្តាំផ្ញើដល់ថ្នាក់ដឹកនាំ និងមន្រ្តីលេខាធិការដ្ឋាន “គ.ជ.ប.ទ” ទាំងអស់ឱ្យបន្តរក្សាស្មារតីទទួលខុសត្រូវ ខិតខំបំពេញការងារ ជាពិសេសការអនុវត្តភារកិច្ចឱ្យសមស្របតាមច្បាប់ គោលការណ៍ និងផែនការដែលបានកំណត់។ ការមានវិន័យក្នុងការងារ មានសីលធម៌ល្អក្នុងការនិយាយស្តីណែនាំគ្នា គឺគ្រឹះសំខាន់ក្នុងការសាមគ្គីភាព និងជំរុញការអនុវត្តការងារប្រព្រឹត្តទៅដោយរលូន និងមានប្រសិទ្ធភាពខ្ពស់ សម្រេចបានទៅតាមផែនការយុទ្ធសាស្រ្តដែលបានកំណត់ ស្របតាមតួនាទី និងភារកិច្ចដែលរាជរដ្ឋាភិបាលបានប្រគល់ជូន។



















