ឯកឧត្តម កែវ តារាពង្ស បានដឹកនាំគណៈប្រតិភូដើម្បីបើកកិច្ចត្រួតពិនិត្យកន្លែងដកហូតសេរីភាព នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ
នៅរសៀលថ្ងៃសុក្រ ៣រោច ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹង ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥
ឯកឧត្តម កែវ តារាពង្ស អនុប្រធានគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម “គ.ជ.ប.ទ” ដោយអនុវត្តន៍តាមការចាត់តាំងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមប្រធាន “គ.ជ.ប.ទ” បានដឹកនាំគណៈប្រតិភូដើម្បីបើកកិច្ចត្រួតពិនិត្យកន្លែងដកហូតសេរីភាព នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ និងការអនុវត្តច្បាប់លើជនត្រូវបានដកហូតសេរីភាព។
ក្រៅពីជួបសំណេះសំណាលពិភាក្សាការងារចែករំលែកបទពិសោធន៍ ជាមួយលោកឧត្តមសេនីយ៍ត្រី ហ៊ិន សុខខេង ស្នងការរង តំណាងលោកឧត្ដមសេនីយ៍ទោ ស្នងការនគរបាលខេត្តតាកែវ និងមន្រ្តីនគរបាលពាក់ព័ន្ធ គណៈប្រតិភូបានផ្សព្វផ្សាយអំពី តួនាទី ភារកិច្ចរបស់ គ.ជ.ប.ទ និងគោលការណ៍សិទ្ធិមនុស្សមួយចំនួនលើការងារបង្ការ ទប់ស្កាត់ និងប្រឆាំងទារុណកម្ម និងអំពើមិនគប្បីគ្រប់ទម្រង់។
បន្ទាប់មក ឯកឧត្តម ក៏បានដឹកនាំគណៈប្រតិភូ ត្រួតពិនិត្យ ហេដ្ឋារចនាសម្ព័ន្ធ សម្ភារៈបរិក្ខារ បន្ទប់ឃាត់ខ្លួន បន្ទប់សួរយកចម្លើយ ស្ថានភាពជនត្រូវបានដកហូតសេរីភាព ស្ថានភាពមន្រ្តី ជួបសម្ភាសន៍មន្រ្តីជំនាញពាក់ព័ន្ធ និងជនត្រូវបានដកហូតសេរីភាព ដើម្បីស្វែងយល់ពីបញ្ហាប្រឈម និងលទ្ធផលសម្រេចបាននានារបស់ស្នងការដ្ឋាននគរបាលខេត្ត។






























