ឯកឧត្តម កែវ តារាពង្ស បានដឹកនាំគណៈប្រតិភូ ដើម្បីបើកការចុះត្រួតពិនិត្យកន្លែងដកហូតសេរីភាព នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តតាកែវ
នៅព្រឹកថ្ងៃសុក្រ ៣រោច ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹង ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥
ឯកឧត្តម កែវ តារាពង្ស អនុប្រធានគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម “គ.ជ.ប.ទ” ដោយអនុវត្តន៍តាមការចាត់តាំងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមប្រធាន គ.ជ.ប.ទ បានដឹកនាំគណៈប្រតិភូ ដើម្បីបើកការចុះត្រួតពិនិត្យកន្លែងដកហូតសេរីភាព នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តតាកែវ និងការអនុវត្តច្បាប់លើជនត្រូវបានដកហូតសេរីភាព។ ក្រៅពីជួបសំណេះសំណាលពិភាក្សាការងារចែករំលែកបទពិសោធន៍ ជាមួយ លោកវរសេនីយ៍ឯក កែន វណ្ណៈ មេបញ្ជាការរង តំណាងលោកមេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ និងមន្រ្តីពាក់ព័ន្ធ គណៈប្រតិភូបានផ្សព្វផ្សាយអំពី តួនាទី ភារកិច្ចរបស់ គ.ជ.ប.ទ និងគោលការណ៍សិទ្ធិមនុស្សមួយចំនួនលើការងារបង្ការ ទប់ស្កាត់ និងប្រឆាំងទារុណកម្ម និងអំពើមិនគប្បីគ្រប់ទម្រង់។
បន្ទាប់មក ឯកឧត្តម ក៏បានអញ្ចើញត្រួតពិនិត្យដោយផ្ទាល់នូវហេដ្ឋារចនាសម្ព័ន្ធ សម្ភារៈបរិក្ខារ ឯកសារកំណត់ហេតុ បន្ទប់ឃាត់ខ្លួន បន្ទប់សួរយកចម្លើយ ស្ថានភាពមន្រ្តី ជួបសម្ភាសន៍មន្រ្តីជំនាញពាក់ព័ន្ធ ដើម្បីស្វែងយល់ពីបញ្ហាប្រឈម លទ្ធផលសម្រេចបាននានារបស់បញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ។
ឆ្លៀតឱកាសនេះដែរ ឯកឧត្តម បានកោតសរសើរចំពោះកិច្ចខិតខំអនុវត្ត តួនាទី ភារកិច្ចរបស់មន្រ្តីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត និងការផ្ដល់កិច្ចសហការល្អជាមួយ គ.ជ.ប.ទ កន្លងមក។ ឯកឧត្តម បានផ្ដល់អនុសាសន៍ជាបឋមមួយចំនួន ក្នុងន័យធ្វើឱ្យប្រសើរឡើងនូវប្រព្រឹត្តកម្មរបស់អាជ្ញាធរលើជនដែលអាច ឬត្រូវបានដកហូតសេរីភាព។



















