ឯកឧត្តម កែវ តារាពង្ស បានដឹកនាំគណៈប្រតិភូដើម្បីបើកកិច្ចត្រួតពិនិត្យកន្លែងដកហូតសេរីភាព នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល
នៅរសៀលថ្ងៃចន្ទ ៦កើត ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹង ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥
ឯកឧត្តម កែវ តារាពង្ស អនុប្រធានគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម “គ.ជ.ប.ទ” ដោយអនុវត្តន៍តាមការចាត់តាំងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមប្រធាន “គ.ជ.ប.ទ” បានដឹកនាំគណៈប្រតិភូដើម្បីបើកកិច្ចត្រួតពិនិត្យកន្លែងដកហូតសេរីភាព នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល និងការអនុវត្តច្បាប់លើជនត្រូវបានដកហូតសេរីភាព។
ក្រៅពីជួបសំណេះសំណាលពិភាក្សាការងារចែករំលែកបទពិសោធន៍ ជាមួយ លោកឧត្តមសេនីយ៍ត្រី ឡាក់ ម៉េងធី ស្នងការរង តំណាងលោកឧត្ដមសេនីយ៍ទោ ស្នងការនគរបាលខេត្តកណ្តាល និងមន្រ្តីនគរបាលពាក់ព័ន្ធ គណៈប្រតិភូបានផ្សព្វផ្សាយអំពី តួនាទី ភារកិច្ចរបស់ គ.ជ.ប.ទ និងគោលការណ៍សិទ្ធិមនុស្សមួយចំនួនលើការងារបង្ការ ទប់ស្កាត់ និងប្រឆាំងទារុណកម្ម និងអំពើមិនគប្បីគ្រប់ទម្រង់។
បន្ទាប់មក ឯកឧត្តម ក៏បានដឹកនាំគណៈប្រតិភូ ត្រួតពិនិត្យ ហេដ្ឋារចនាសម្ព័ន្ធ សម្ភារៈបរិក្ខារ បន្ទប់ឃាត់ខ្លួន បន្ទប់សួរយកចម្លើយ ស្ថានភាពមន្រ្តី និងជួបសម្ភាសន៍មន្រ្តីជំនាញពាក់ព័ន្ធ ដើម្បីស្វែងយល់ពីបញ្ហាប្រឈម និងលទ្ធផលសម្រេចបាននានារបស់ស្នងការដ្ឋាននគរបាលខេត្ត។
ឆ្លៀតឱកាសនេះដែរ ឯកឧត្តម បានថ្លែងអំណរគុណចំពោះ អគ្គស្នងការដ្ឋាននគរបាលជាតិ ស្នងការដ្ឋាននគរបាលខេត្ត ដែលបានផ្ដល់កិច្ចសហការល្អជាមួយ គ.ជ.ប.ទ កន្លងមក។ ឯកឧត្តម បានផ្ដល់អនុសាសន៍ជាបឋមមួយចំនួន ក្នុងន័យធ្វើឱ្យប្រសើរឡើងនូវប្រព្រឹត្តកម្មរបស់អាជ្ញាធរលើជនដែលអាច ឬត្រូវបានដកហូតសេរីភាព។


























