កិច្ចប្រជុំបើកសវនកម្មផ្ទៃក្នុង សម្រាប់ការិយបរិច្ឆេទ ឆ្នាំ២០២៥ និងបណ្តាឆ្នាំពាក់ព័ន្ធ នៅលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម “គ.ជ.ប.ទ”
ព្រឹកថ្ងៃចន្ទ ២កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ឯក វ៉ឹក ចំរើន អនុប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម “គ.ជ.ប.ទ” តំណាង ឯកឧត្តម នុត សត្យា ប្រធានលេខាធិការដ្ឋាន “គ.ជ.ប.ទ” និងលោកឧត្តមសេនីយ៍ឯក គឹម សៀកចលនា អគ្គនាយករង តំណាង ឯកឧត្តម អគ្គនាយក នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ក្រសួងមហាផៃ្ទ បានអញ្ជើញដឹកនាំកិច្ចប្រជុំបើកសវនកម្មផ្ទៃក្នុង សម្រាប់ការិយបរិច្ឆេទ ឆ្នាំ២០២៥ និងបណ្តាឆ្នាំពាក់ព័ន្ធ នៅលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម “គ.ជ.ប.ទ”។ កិច្ចប្រជុំនេះដែរ ក៏មានការអញ្ជើញចូលរួមពី លោកអគ្គនាយករង សមាជិក សមាជិកា ក្រុមការងារសវនកម្មផ្ទៃក្នុង លោកអនុប្រធានលេខាធិការដ្ឋាន លោកប្រធានផ្នែក ប្រធានផ្នែកស្តីទី លោក លោកស្រី អនុប្រធានផ្នែក និងលោកប្រធានការិយាល័យចំណុះលេខាធិការដ្ឋាន គ.ជ.ប.ទ។
ជាកិច្ចចាប់ផ្តើម លោកឧត្តមសេនីយ៍ឯក វុឹក ចំរើន អនុប្រធានលេខាធិការដ្ឋាន “គ.ជ.ប.ទ” បានមានមតិស្វាគមន៍ សម្ដែងនូវក្ដីរីករាយ និងថ្លែងអំណរគុណចំពោះ លោក ឧត្តមសេនីយ៍ឯក អគ្គនាយករង គណៈប្រតិភូសវនកម្មផ្ទៃក្នុង ដែលបានចូលរួមក្នុងពិធីបើកកិច្ចសវនកម្មនេះផងដែរ។ លោកអនុប្រធានលេខាធិការ “គ.ជ.ប.ទ” បានធ្វើការណែនាំ និងជំរុញដល់មន្រ្តីជំនាញពាក់ព័ន្ធ នៃលេខាធិការដ្ឋាន “គ.ជ.ប.ទ” ធ្វើកិច្ចសហការជាមួយគណៈប្រតិភូសវនកម្ម ដើម្បីឱ្យកិច្ចដំណើរការប្រតិបត្តិការធ្វើសវនកម្ម មានភាពរលូន និងកាន់តែមានប្រសិទ្ធភាពធ្វើយ៉ាងណាឱ្យល្អប្រសើរបន្ថែមទៀត៕






















